គម្រោងសង់ច្រាំងព្រែក ដែលបាក់ស្រុត ដល់ផ្លូវ បានចាប់ផ្តើមអនុវត្តបន្ត

ភ្នំពេញៈ គម្រោងការពារច្រាំងបាក់ស្រុត ប៉ះពាល់ដល់ផ្លូវនៅឃុំ អន្លង់គគីរ ស្រុកកងមាស ចាប់ផ្តើមអនុវត្តបន្ត ជំហានទី២ ប្រវែង ៤៩៥ ម៉ែត្រ ដែលគ្រោងធ្វើឱ្យបានរួចរាល់ នៅក្នុងឆ្នាំ ២០២១ នេះ។

លោក ម៉ៅ ហាក់ មន្ត្រីជំនាញជលសាស្ត្រ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ រស្មីកម្ពុជា ដឹងនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ ថា៖ គម្រោងការពារច្រាំងទន្លេ (ព្រែក) នៅក្នុងឃុំអន្លង់គគីរ ស្រុកកងមាស ព្រំប្រទល់ រវាងខេត្តកណ្តាល និងខេត្កំពង់ចាម ដែលបានបាក់ស្រុត ដាច់ប៉ះពាល់ផ្លូវ សម្រាប់ធ្វើដំណើរ នៅក្នុងមូលដ្ឋាននេះ កាលពីក្នុងឆ្នាំ២០២០ បានធ្វើរួចបានប្រវែង ២៥០ ម៉ែត្រ នៅកន្លែងប្រឈមខ្លាំង ដើម្បីឱ្យធ្វើដំណើរទៅមកបាន និងពេលនេះ បានធ្វើបន្ត ៤៩៥ ម៉ែត្រទៀត។

មន្ត្រីជំនាញខាងលើ បានបញ្ជាក់ថា៖ ច្រាំងព្រែកខាងលើនេះ បាក់ស្រុត ប៉ះពាល់ដល់ផ្លូវ ប្រវែង ៧៤៥ ម៉ែត្រ។ ការការពារ ការបាក់រាលដាល ដោយសាងសង់ ពីការតម្រៀបថ្ម និងក្រវាត់សំណាញ់លួស ពីលើ ។ គម្រោងនេះ នឹងត្រូវបញ្ចប់ នៅក្នុងឆ្នាំនេះ ជាគម្រោងមួយ នៅក្នុងចំណោម កំពុងទាំង៦ ដែលក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងអនុវត្ត នៅក្នុងឆ្នាំ២០២១។

លោក ម៉ៅ ហាក់ បាននិយាយឱ្យដឹងថា៖ គម្រោងទាំង ៦ ដែលក្រសួង បានអនុវត្ត និងកំពុងរៀបចំអនុវត្ត នៅក្នុងឆ្នាំ២០២១ ជាគម្រោងបន្តពីឆ្នាំ ២០២០ ដែលបានអនុវត្ត ជំហានទី១ ដូចជា នៅឃុំលន់ ស្រុក ស្អាង ខេត្តកណ្តាល មានប្រវែង ៥០០ ម៉ែត្រ នៅអន្លង់គគីរ ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ចាម ប្រវែង ៤៩៥ ម៉ែត្រ និងនៅស្រុកត្បូងឃ្មុំ មានប្រវែង ៥០០ ម៉ែត្រ ។

នៅតាលន់ លោក ម៉ៅ ហាក់ បាននិយាយថា៖ មានដល់ប្រវែងជាង ២.០០០ ម៉ែត្រ កាលពីឆ្នាំ ២០២០ ធ្វើបាន ៦០០ ម៉ែត្រ ឆ្នាំនេះ ធ្វើបន្ត ៥០០ ម៉ែត្រ នៅអន្លង់គគីរ មានប្រវែងសរុប ប្រមាណជា ៧០០ ម៉ែត្រ ធ្វើរួចបាន ២៥០ ម៉ែត្រ នៅក្នុងឆ្នាំ ២០២០ និងត្រូវធ្វើបង្ហើយ ប្រវែង ៤៩៥ ម៉ែត្រ ក្នុងឆ្នាំនេះ និងនៅត្បូងឃ្មុំ ច្រាំងទន្លេ ត្រូវធ្វើ មានប្រវែងជាង ៣.០០០ ម៉ែត្រ ធ្វើរួចបាន ៤០០ ម៉ែត្រ កាលពី ឆ្នាំ២០២០ និងធ្វើបន្ត នៅឆ្នាំនេះ ប្រវែង ៥០០ ម៉ែត្រ ៕

Loading...