គយកោះកុងចាប់ទូរស័ព្ទគេចពន្ធ១២កេះ

ខេត្តកោះកុង: មន្ត្រីគយសហការជាមួយកម្លាំងអាវុធហត្ថកោះកុងបង្រ្កាបបទល្មើស ដឹកជញ្ជូនទូរស័ព្ទគេចពន្ធនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៩នឹង១៥ នាទី កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងចំនួន៨ នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរងនិងជានាយសេនាធិការបានចុះសហការជាមួយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស និង មន្ត្រីគយនៃសាខាគយនិងរដ្ឋាករខេត្តកោះកុង និងកងការពារកោះលេខ២ កងអនុសនាធំលេខ៣ កងទ័ពជើងទឹក បានឃាត់ទូកកន្ទុយវែងបើកបរដោយឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចមុខកោះនូ ក្បែរកោះយ៉ ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ។

នៅពេលត្រួតពិនិត្យជាបឋមមន្ត្រីគយបានរកឃើញទូរស័ព្ទដៃស្មាតហ្វូនចម្រុះមានដូចជា Samsung, LG, Huawei, Iphone ប្រើរួច មួយចំនួនដាក់ក្នុងកេះក្រដាស់ចំនួន ១២កេះ ហើយបានយកកេះទូរស័ព្ទទាំងនេះមកត្រួតពិនិត្យជាក់ស្តែងនៅសាខាគយនិងរដ្ឋាករខេត្តកោះកុង។

លទ្ធផលត្រួតពិនិត្យសមត្ថកិច្ចគយបានរកឃើញទូរស័ព្ទស្មាតហ្វូនសរុបចំនួន ១៨៧៣គ្រឿង ដើម្បីបំពេញកាតព្វកិច្ចពន្ធគយចំណែកទូកឈើជាមធ្យោបាយដឹកជញ្ជូនទំនិញល្មើសច្បាប់ត្រូវបានប្រគល់ជូនសាខាគយនិងរដ្ឋាករ ខេត្តកោះកុងជាអ្នកថែរក្សាបន្ត ៕ វុទ្ធ ឦសាន

Loading...