គយប្រមូល​ពន្ធ​នាំចេញ​នាំចូល​បាន​ជាង​១​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៧​ភាគរយ

ភ្នំពេញ៖​ ៦​ខែ​ដើមឆ្នាំ​២០១៨​ អគ្គនាយកដ្ឋាន​គយ ប្រមូល​ពន្ធ​នាំចេញ​នាំចូល​បាន​ជាង​១​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៧​ភាគរយ ខណៈ​កាលពី​ឆ្នាំ​២០១៧ ប្រមូលបាន​ជិត​ពីរពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។

​អគ្គនាយកដ្ឋាន​គយ បានឱ្យ​ដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ចំណូល​សរុប ដែល​ប្រមូលបាន​មាន​ប្រមាណ ៤៧៣៦​ប៊ីលាន​រៀល ឬ​ប្រមាណ​ជា ១១៧២​លាន​ដុល្លារ​អាមេរិក​។ ចំនូ​ន​នេះ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មាន​ការកើនឡើង​ប្រមាណ ២៧,៨% ដែល​ក្នុងនោះ ចំណូល​ពី​មុខទំនិញ​យានយន្ត​មាន​កំណើន ៤០,៥%, ប្រេង និង​ថាមពល​កើនឡើង​១០,៥%, គ្រឿងសំណង់​កើនឡើង ២៦,៦% និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​មាន​កំណើន​២៧%​។

អគ្គនាយកដ្ឋាន​គយ​ក៏​បានឲ្យដឹង​ផង​ដែរថា តួលេខ​បណ្ដោះអាសន្ន​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​ការកើនឡើង​តម្លៃ​នាំចូល​សរុប​១៧% ហើយ​តម្លៃ​នាំចេញ​សរុប​មាន​កំណើន​ជាង​៧% ក្នុងនោះ​តម្លៃ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង នាំចេញ​កើនឡើង​ជិត ១៣% និង​តម្លៃ​ផលិតផល​ស្រូវ និង​អង្ករ​កើនឡើង ៥៣%​។

យ៉ាងណាក៏ដោយ​បើតាម​អគ្គនាយកដ្ឋាន​គយ ប្រភព​ចំណូល​ពន្ធ និង​អាករ​សំខាន់ៗ​របស់​កម្ពុជា​មាន ដូចជា យានយន្ត​និង​គ្រឿងចក្រ​ប្រមាណ​ជា​៤២%​នៃ​ចំណូល​សរុប​។ ប្រេងឥន្ធនៈ និង​ថាមពល ប្រមាណ ២០% នៃ​ចំណូល​សរុប និង​ទំនិញ​ចម្រុះ និង​គ្រឿងសំណង់​។ កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ចំណូល​ពន្ធគយ​សម្រេចបាន​ជាង ១៩០០​លាន​ដុល្លារ​អាមេរិក ដែល​កើន​លើស​ឆ្នាំ​២០១៦ ប្រមាណ​១០​ភាគរយ​៕

 

Loading...