គិតត្រឹមម៉ោង១១យប់មិញនេះ លទ្ធផលធ្វើតេស្តកូវីដ១៩ លើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ វិច្ឆិកា រកឃើញវិជ្ជមាន៣នាក់ក្នុងចំណោម១.១៤៣នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសព័ត៌មានបន្ទាន់មួយ ឲ្យដឹងថា គិតត្រឹមម៉ោង១១យប់នេះ លទ្ធផលធ្វើតេស្តកូវីដ១៩លើអ្នកប៉ះពាល់ចំនួន១.១៤៣នាក់ ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ វិច្ឆិកា រកឃើញវិជ្ជមានតែ៣នាក់ប៉ុណ្ណោះ។

បើតាមការលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា៖ «ថ្ងៃនេះក្រុមគ្រូពេទ្យបានធ្វើតេស្តលើមនុស្សចំនួន១.១៤៣នាក់ មានវិជ្ជមានតែ៣នាក់ប៉ុណ្ណោះ ថ្ងៃស្អែកនឹងមានអ្នកមកធ្វើតេស្តបន្តទៀត។ ចំពោះអ្នកជំងឺ៣នាក់ដែលត្រូវបានរកឃើញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យនោះមានសុខភាពល្អធម្មតា»។

អ្នកទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖

* ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

* ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

* ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

 

ជាមួយគ្នានេះ នៅរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារបន្ទាន់មួយ ជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ (ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេសហុងគ្រី) នៅក្នុងនោះសម្តេចតេជោ ថ្លែងអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានភាពភ័យខ្លាច និងស្លន់ស្លោរចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩ ព្រមទាំងប្រកាសអំពាវនាវចំពោះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើចត្តាឡីស័ក ដោយប្រុងប្រយ័ត្នជាទីបំផុត ជៀសវាងការរីករាលដាលធំឡើងដោយប្រការណាមួយ៕

 

 

Loading...