គិលានុបដ្ឋាយិកា Sarah Lim ក្លាយជាមនុស្សដំបូងគេនៅប្រទេសសិង្ហបុរីដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩

គិលានុបដ្ឋាយិកាដែលជាបុគ្គលិកជាន់ខ្ពស់លោកស្រី Sarah Lim បានក្លាយជាមនុស្សដំបូងគេនៅប្រទេសសិង្ហបុរីដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅថ្ងៃពុធ ទី៣០ ធ្នូនេះ ដោយមានបុគ្គលិកសុខាភិបាលជាង៣០នាក់ផ្សេងទៀតនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង National Centre for Infectious Diseases (NCID) បានត្រៀមទទួលការចាក់ថ្នាំនេះផងដែរ។

ក្រុមគ្រូពេទ្យកំពុងទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដំបូងរបស់ពួកគេដែលបង្កើតដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ។ វ៉ាក់សាំងនេះតម្រូវឲ្យចាក់២ដងដោយទុកពេល២១ថ្ងៃ។ អ្នកដែលបានទទួលកម្រិតដំបូងនៅថ្ងៃពុធគ្រោងនឹងត្រឡប់មកវិញសម្រាប់ការចាក់លើកទី២ របស់ពួកគេនៅថ្ងៃទី២០ ខែមករាឆ្នាំក្រោយ។

លោកស្រី Sarah Lim មានវ័យ៤៦ឆ្នាំ បម្រើការងារនៅតំបន់ប្រឈមនឹងចំងឺឆ្លងខ្លាំងនៅមជ្ឈមណ្ឌលNCID និងធ្វើការពិនិត្យលើករណីជនរងគ្រោះដោយកូវីដ-១៩។ វាគឺជាការងារប្រឈមខ្លាំងសម្រាប់លោកស្រីដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងគេ។ មុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ លោកស្រីបានធ្វើការពិនិត្យសុខភាពជាមុន និងអនុវត្តនីតិវិធីដូចជាការពិនិត្យសម្ពាធឈាមជាដើម។ លោកស្រីក៏បានសម្របសម្រួលប្រតិបត្ដិគ្លីនិកនៅតំបន់ប្រឈមជំងឺឆ្លងខ្លាំង ជាពិសេសនៅគ្លីនិក NCID តែម្តង ។

លោកវេជ្ជបណ្ឌិត Kalisvar Marimuthu អាយុ៤៣ឆ្នាំ ជាអ្នកពិគ្រោះយោបល់ជាន់ខ្ពស់ដែលគ្រប់គ្រងអ្នកជាប់សង្ស័យជំងឺឆ្លង ក៏ត្រូវបានចាក់វ៉ាក់សាំងផងនេះដែរនៅពីថ្ងៃពុធនេះ។ គាត់មានជំនាញខាងជំងឺឆ្លងនិងការគ្រប់គ្រងការឆ្លង ហើយគាត់ក៏ចូលរួមក្នុងការគ្រប់គ្រងបង្ការការឆ្លងមេរោគនៅក្នុងមណ្ឌលថែទាំសហគមន៍ផងដែរ។

ក្រសួងសុខាភិបាលសិង្ហបុរីបានអះអាងថា ស្ថាប័នសុខាភិបាលសាធារណៈរួមទាំងមន្ទីរពេទ្យជួរមុខ, មន្ទីរពេទ្យសហគមន៍ និងគ្លីនិកពហុព្យាបាលក៏ដូចជាមន្ទីរពេទ្យឯកជននឹងរៀបចំជាបណ្តើរៗសម្រាប់បុគ្គលិកដែលត្រូវទទួលថ្នាំបង្ការនៅក្នុងបរិវេណរៀងៗខ្លួន។ ក្រសួងសុខាភិបាលក៏មានគោលបំណងចាប់ផ្តើមចាក់វ៉ាក់សាំងមនុស្សចាស់ដោយចាប់ផ្តើមពីអាយុ៧០ឆ្នាំឡើងទៅចាប់ពីខែកុម្ភៈឆ្នាំក្រោយ។

វ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្នមិនត្រូវបានណែនាំឲ្យចាក់សម្រាប់ស្ត្រីមានផ្ទៃពោះ, អ្នកដែលមានអាយុក្រោម១៦ឆ្នាំ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយនោះទេ។

ការបញ្ជូនវ៉ាក់សាំងដំបូងបានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី២១ ធ្នូដែលធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសដំបូងគេនៅអាស៊ីដែលបានទទួលវ៉ាក់សាំងនេះ។

លោកនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong បានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា វ៉ាក់សាំងផ្សេងទៀតត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសសិង្ហបុរីក្នុងប៉ុន្មានខែខាងមុខនេះ ហើយប្រទេសនេះនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់បង្ការដល់ប្រជាជនគ្រប់គ្នានៅត្រីមាសទី៣ ឆ្នាំក្រោយប្រសិនបើទាំងអស់ទៅតាមផែនការដែលបានគ្រោងទុក ៕

Loading...