គុយបា ទាក់ទាញភ្ញៀវទេសចរណ៍4 លាននាក់នៅឆ្នាំ 2018

គុយបា កាលពីថ្ងៃសៅរ៍ បានប្រកាសថា ចំនួនអ្នកទេសចរអន្តរជាតិនៅឆ្នាំនេះ បានកើនឡើងដល់ 4 លាននាក់ ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសគុយបា បើទោះបីភ្ញៀវទេសចរអាមេរិកធ្លាក់ចុះ ដោយសារគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនដែលរឹតត្បិតការធ្វើដំណើរយ៉ាងណាក៏ដោយ ។

ការចេញផ្សាយរបស់ក្រសួងទេសចរណ៍គុយបា (MINTUR) បានបង្ហាញថា តួលេខ បានកើនដល់ 4 លាននាក់ ហើយរហូតដល់ចុងឆ្នាំ 2018នេះ គុយបាអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន 4,75 លាននាក់ ជាតួលេខដែលខ្ពស់បំផុត។

គេថា “លទ្ធផលនេះ សម្រេចបានតាមផែនការ បើទោះបី មានយុទ្ធនាការផ្សព្វផ្សាយ ដើម្បីធ្វើឱ្យប៉ះពាល់ដល់គុយបា ដែលជាទិសដៅទេសចរណ៍នោះយ៉ាងណាក៏ដោយ ទៅតាមវិធានការនយោបាយហ៊ុមព័ទ្ធសេដ្ឋកិច្ច របស់រដ្ឋអាមេរិកនោះ” ។

នៅឆមាសទីមួយនៃឆ្នាំនេះ ជនជាតិអាមេរិកចំនួន 266.445 នាក់ បានធ្វើដំណើរទៅកាន់ប្រទេសគុយបា ធ្លាក់ចុះ 28 ភាគរយ បើប្រៀបកាលពីមួយឆ្នាំមុន។

ភ្ញៀវមកពី កាណាដា នៅតែឈានមុខគេ ដែលធ្វើដំណើរទៅកាន់ប្រទេសគុយបា ខណៈភ្ញៀវទេសចរមកពីអឺរ៉ុប ដូចជា អេស្ប៉ាញ បារាំង អង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ី ក៏បានកើនឡើងយ៉ាងខ្លាំងដែរ ។

ឧស្សាហកម្មទេសចរណ៍ គឺជាប្រភពទី2នៃប្រាក់ចំណូលបរទេស របស់គុយបា បន្ទាប់ពីសេវាកម្មវិជ្ជាជីវៈនៅក្រៅប្រទេស ៕

Loading...