គូសង្សារ២នាក់ស្លាប់ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់់បើករថយន្តក្រឡាប់ខ្លួនឯង ជាមួយនិងអ្នករួមដំណើរ២នាក់ទៀតស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ គូសង្សារ២នាក់បានស្លាប់ចំថ្ងៃនៃក្តីស្រឡាញ់បើករថយន្តក្រឡាប់ខ្លួនឯង ក្នុងនោះមានអ្នករួមដំណើរ២នាក់ទៀត ម្នាក់ក៏រងការបាត់បង់ជីវិត និងម្នាក់ទៀត រងរបួសធ្ងន់សរុបអ្នក ស្លាប់៣នាក់រងរបួសធ្ងន់ម្នាក់ ខណៈដែលជនរងគ្រោះធ្វើដំណើរ តាមរថយន្តកាមរីឆ្លាម១គ្រឿង ដើរលេងតាមជាយដែននៅថ្ងៃបុណ្យសេចក្តីស្រឡាញ់ ។

ខេត្តបន្ទាយមានជ័យថ្ងៃបុណ្យនៃក្តីស្រឡាញ់ដែលស្រទាប់យុវជនពេញនិយមនាំគ្នានិយាយជាថ្ងៃបុណ្យសង្សារ១៤ កុម្ភៈ ត្រូវគេមើលឃើញថា មានសភាពស្ងប់ស្ងាត់ អ្នកលក់ផ្កាកូលាបមានចំនួនតិចតួចប៉ុណ្ណោះ នៅម្តុំវេទិកាខេត្ត មិនសូវមានយុវជនផុសផុល ក្នុងការទិញផ្កាកូលាបជូនគ្នា និងមិនមានការប្រមូលផ្តុំគ្នាតាមទីសាធារណៈធំដុំនោះឡើយ ខុសប្លែកពីឆ្នាំកន្លងៗទៅ ។

ប៉ុន្តែគេសង្កេតឃើញមានប្រជាពល រដ្ឋខ្មែរមួយចំនួននៅខេត្តបន្ទាយមានជ័យបានប្រែក្លាយថ្ងៃបុណ្យក្តីស្រលាញ់របស់លោកខាងលិច ទៅជាថ្ងៃជួបជុំគ្រួសារទទួលទានអាហារសប្បាយរីយករាយទៅវិញ ។

ហេតុការណ៍រថយន្តក្រឡាប់បបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់និងរបួសធ្ងន់ខាងលើ កើតឡើងកាល ពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកមណាត់ផ្លូវជាតិលេខ៥៩B ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

​លោកអនុសេនយ៍ឯក យី សំបូរ អធិការរងទទួលការងារសណ្តាប់ធ្នាប់សារធារណៈ នៃអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់មានឈ្មោះ ១, ហ៊ួ សុខផៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិ១៣ មករា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២, ជុំ គឹមហ្គិច ភេទស្រី​ អាយុ២១ឆ្នាំ រស់នៅភូមិនវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង អ្នកទាំង២នាក់ជាគូសង្សារនឹងគ្នា ៣, ធិញ ចាន់ធឿន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ អ្នកទាំង៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និងជនរងគ្រោះទី៤ ទទួលរងរបួសធ្ងន់ កំពុងស្ថិតក្នុងការជួយសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា -ជប៉ុន ជាមនុស្សស្រី សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

លោកអធិការរងបានប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរតាមរថយន្តកាមរីឆ្លាមពណ៌ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ ២Q៧១៨៥ ក្នុងទិសដៅពីកើត ទៅលិចចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បម្រុងទៅស្រុកកំរៀងខេត្តបាត់ដំបង បើកបរក្នុងល្បឿនលឿនជាទីបំផុតលុះធ្វើដំណើរដល់កន្លែងកើតហេតុរថយន្តកាច់ចង្កូត បម្រុងធ្លាក់់ផ្លូវទៅផ្នែកខាងស្តាំ ។

នៅពេលនោះអ្នកបើករថយន្តក៏កាច់ចង្កូតមកខាងឆ្វេងដៃវិញ រថយន្តបែកកង់មុខផ្នែកខាងឆ្វេង បណ្តាលឱ្យរថយន្តរ៉េចង្កូតមកផ្នែកខាងឆ្វេងធ្លាក់ផ្លូវអូសនិងបុកពំនូកដីខាងមុខផ្ទះប្រជាពលរដ្ឋប្រហែល២០០ម៉ែត្រទៅ៣០០ម៉ែត្រ រថយន្តហោះផ្លោងបុកនិងដើមឈើ និងដើមចេកអ្នកភូមិបណ្តាល រថយន្តក្រឡាប់ជាច្រើនត្រឡប់ អ្នកជិះក្នុងរថយន្ត៣នាក់អ្នកបើករថយន្តផ្លោងខ្ទាតចេញពីរថយន្តនិងហោះឡើងលើហួសខ្សែភ្លើងតបណ្តាញតាមផ្លូវចម្ងាយប្រហែល៥០ម៉ែតនិង២នាក់ផ្លោងខ្ទាតចម្ងាយ២០ទៅ៣០ម៉ែត្រ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ចំណែក ម្នាក់ទៀតទទួលរងរបួសធ្ងន់ គាបជាប់ក្នុងរថយន្ត។

អ្នករងរបួសភ្លាមនោះត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋគាស់ចេញពីរថយន្តដឹកតាមរថយន្តពេទ្យយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គល បុរីចំណែករថយន្តរងការខូចខាតទាំងស្រុង។

លោកអធិការរងបានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា គ្រោះថ្នាក់ដោយខ្លួនឯង តាមការសន្និដ្ឋានរបស់សមត្ថកិច្ចអ្នកបើករថយន្តបើកបរក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ននៅចំណុចផ្លូវកោង។
អ្នកបើករថយន្តអត់មានប័ណ្ណបើកបរនោះទេ មានប័ណ្ណបើកបរស្រ្តីជាសង្សារអ្នករួមដំណើរឯណោះវិញ។ សាកសពជនរងគ្រោះសង្សារ១គូដល់ម៉ោង១២យប់អធ្រាត្រ ទើបសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅខេត្តបាត់ដំបង ដោយឡែកស្រ្តីរងគ្រោះម្នាក់ទៀតរស់នៅក្រុងសិរីសោភ័ណ ត្រូវបានសាច់ញាតិនិងសមត្ថកិច្ចសម្រេចយកទៅបូជានៅវត្តម៉ាឡៃនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នា២០១៧។
​ពាក់ព័ន្ធនិងហេតុការណ៍ក្រឡាប់រថយន្តបណ្តាលឱ្យគូរសង្សារ២នាក់ស្លាប់ចំថ្ងៃបុណ្យសេចក្តីស្រលាញ់បើតាមប្រភពព័ត៌មានៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា ជនរងគ្រោះបើករថយន្តជាអ្នករកស៊ីទិញលក់ដី ពួកគេបានផឹកស៊ីនៅក្រុងប៉ោយប៉ែតរួចហើយធ្វើដំណើរចេញពីក្រុងប៉ោយប៉ែតដើម្បីឆ្ពោះទៅស្រុកកំរៀង ណាត់ជួបជុំមិត្តភក្តិ និងទៅមើលដី នៅស្រុកកំរៀងថែមទៀត។ ប៉ុន្តែករណីនេះសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថា ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹងនោះទេ។

​សូមបញ្ជាក់ថា ថ្ងៃបុណ្យសេចក្តីស្រលាញ់១៤ កុម្ភៈ ជាថ្ងៃបុណ្យប្រពៃណីរបស់ប្រទេសលោកខាងលិច មិនមែនជាថ្ងៃបុណ្យប្រពៃណីវប្បធម៌ខ្មែរនោះឡើយ។ ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកនេះប្រជាពលរដ្ឋខ្មែរមួយចំនួនជាពិសេសស្រទាប់យុវជនបាននាំគ្នាទទួលយកវប្បធម៌បរទេស មកជាថ្ងៃបុណ្យសង្សារ ​និងមានយុវជនខ្លះភ្លើតភ្លើនបែរជានាំគ្នាទៅដេកផ្ទះសំណាក់ សណ្ឋាគារ លះបង់ព្រហ្មចារី ធ្វើឱ្យប្រាសចាកនិងវប្បធម៌ប្រពៃណីខ្មែរយ៉ាងធ្ងន់៕ ពាយព្យ

Loading...