គួរឱ្យរន្ធត់ណាស់! ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្មការិនីម្នាក់ ឈ្មោះ សន ហ៊ន ភេទស្រី បម្រើការនៅរោងចក្រឡុងសែន និងតៃកុងឡានដឹកកម្មករម្នាក់ ឈ្មោះ សាន សារុន ភេទប្រុស បានស្លាប់ភ្លាមៗ និងកម្មករ កម្មការិនី ចំនួន០៦នាក់ (កម្មការិនីចំនួន០៥នាក់) ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីយប់ថ្ងៃអង្គារ ០៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង២០នាទីយប់ ស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១៦១ និង១៦២ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីឡានដឹកកម្មករ និងឡានដឹកចំណីសត្វរបស់ក្រុមហ៊ុនឧកញ៉ាម៉ុងឫទ្ធីបានបើកបរក្នុងទិសដៅផ្ទុយគ្នា លុះមកដល់ត្រង់ចំណុចកើតហេតុក៏បានវ៉ាក់អ៊ើគ្នាបណ្តាលឱ្យបុកគ្នាចំពេញទំហ៊ឹង។

មន្រ្តី និងក្រុមការងារ ប.ស.ស. សាខាខេត្តព្រះសីហនុ សហការជាមួយមន្ត្រីសមត្ថកិច្ចចរាចរណ៍ បានចុះទៅធ្វើការសម្របសម្រួល និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯសពជនរងគ្រោះត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី។ រាល់ថ្លៃសេវាដឹកជញ្ជូន ថ្លៃសេវារហូតដល់ជាសះស្បើយ និងការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗគឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)៕

Loading...