គេឃុបឃិតគ្នាជាប្រព័ន្ធក្នុងការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ គម្រោងដាក់ឲ្យដេញថ្លៃ សម្រាប់កិច្ចសន្យាការងារសាងសង់ ផ្លូវបេតុងអារមេចំនួន២ខ្សែ របស់ក្រុមព្រឹក្សាឃុំកៀនជ្រៃ និងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី២៧ មេសា ២០១៦ ត្រូវបានគេមើលឃើញថា មិនមានតម្លាភាពឡើយ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីទាញយកលុយគម្រោងចែកគ្នាទៀតផង ។

ផ្លូវបេតុងអារមេ ១ខ្សែនៅក្នុងឃុំកៀនជ្រៃ មានប្រវែង១៤៥ម៉ែត្រ ទទឹង៤ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃគឺមានចំនួន ៥៣,២៨៥,៨០០ រៀល ហើយត្រូវរ៉ូវគ្នាក្នុងតម្លៃខ្ពស់បំផុតគឺ ៥២,២០០,00០ រៀល ។

ចំណែកផ្លូវបេតុងអារមេ១ខ្សែទៀត នៅក្នុងឃុំរអាង មានប្រវែង១៩៥ម៉ែត្រ ទទឹង៤ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃគឺមានចំនួន ៧២,៤០០,៦០០ រៀល ហើយត្រូវរ៉ូវគ្នាក្នុងតម្លៃខ្ពស់បំផុតគឺ ៧១,000,000 រៀល ។

ការដេញថ្លៃរបស់គម្រោងខាងលើនេះ ត្រូវបានគេមើលឃើញថា មិនមានភាពសុក្រឹត និងយុត្តិធម៌នោះទេ ព្រោះក្រុមហ៊ុនអ្នកដែលបានមកដេញថ្លៃ មានគ្នាជាង៣០នាក់ មុខដដែលៗ នៅរង់ចាំទទួលប្រាក់ទឹកតែ ហើយអ្នកដែលដាក់ប៊ិត ឯកសារ ដេញថ្លៃចូលទៅក្នុងប្រអប់ដាក់ឲ្យដេញថ្លៃ មានគ្នាតែ៣នាក់ប៉ុណ្ណោះ ក្នុង១គម្រោង ។

នៅមុនពេលចូលទៅ ដេញថ្លៃ ពួកគេបាននាំគ្នាធ្វើការចរចាគ្នា នៅខាងមុខសាលាឃុំ ដើម្បីធ្វើយ៉ាងណាទាញយកទឹកប្រាក់ របស់គម្រោងនេះឲ្យបានតម្លៃខ្ពស់ នៅពេលដែលដេញថ្លៃបានសម្រេចហើយ ពួកគេបាននាំគ្នាទៅចែកលុយគ្នា ផឹកស៊ីយ៉ាងសប្បាយចិត្ត ។

ទោះបីជាយ៉ាងណាក្តី គណៈកម្មការរបស់គម្រោង និងក្រុមព្រឹក្សាឃុំ ដែលមានវត្តមាននៅទីនោះ ធ្វើជាមើលមិនឃើញ មិនដឹងមិនឮអ្វីទាំងអស់ ។

ប្រជាពលរដ្ឋនៅក្នុងតំបន់របស់គម្រោងសាងសង់ បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំស្រុកខេត្ត គួរតែដាក់កម្លាំងឲ្យចុះទៅត្រួតពិនិត្យ ឲ្យបានល្អិតល្អន់រាល់គម្រោងដែលដាក់ឲ្យដេញថ្លៃនេះផង ព្រោះលុយគម្រោងសម្រាប់សាងសង់ទាំងនេះ ក៏ជាលុយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕

 

aes (3) aes (2) aes (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *