គេចាក់ដីលុបទន្លេសាបនៅឃុំព្រែកតាទែនអាជ្ញាធរថាមានច្បាប់ទម្លាប់ត្រឹមត្រូវ

ខេត្តកណ្តាល៖ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ភូមិពោធិ៍មង្គលឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្ដាលគេរាយការណ៍ថាឈ្មួញអ្នកមានលុយនៅក្នុងមូលដ្ឋានបាននឹងកំពុងចាក់ដីចូលក្នុងទន្លេសាបយ៉ាងហោចណាស់ចំងាយ 15 ម៉ែត្រដែលទង្វើបែបនេះគឺខុសនឹងច្បាប់ទំលាប់យ៉ាងពិតប្រាកដ។ព្រោះបឹងទន្លេដងអូជាកម្មសិទ្ធិរបស់រដ្ឋហើយបើតាមមន្ត្រីក្រសួងធនធានទឹកការចាក់ដីលុបបឹងឬចាក់ចូលទន្លេបែបនេះគឺជាទង្វើខុសច្បាប់ហើយត្រូវមានទោស។

សកម្មភាពនៃការចាក់ដីចូលទន្លេធ្វើឲ្យមានការរិះគន់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្ដាលប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់ដូចជាធ្វើមិនដឹងមិនឮហើយអះអាងថាម្ចាស់ដីមានសិទ្ធិក្នុងការចាក់ដីចូលក្នុងទន្លេ។យ៉ាងនេះនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យអំពីអំពើពុករលួយនៅក្នុងការចាក់ដីចូលទន្លេក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ។

ប្រភពបានរាយការណ៍ថាអភិបាលស្រុកពញាឮលោកថនសុវណ្ណាបានដឹងអំពីកាលនៃការចាក់ដីលុបទន្លេសាបនៅក្នុងមូលដ្ឋានឃុំព្រែកតាទែននោះដែរប៉ុន្តែមិនមានវិធានការអ្វីឡើយ។ភាពស្ងៀមស្ងាត់របស់លោកអភិបាលស្រុកធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកតាទែនយល់ថាលោកទទួលបានលាភសក្ការៈពីម្ចាស់ដីនោះហើយបានជាជួយបិទបាំងទង្វើល្មើសច្បាប់ជាតិយ៉ាងដូច្នេះ។

លោកម៉ៅប៊ុនហៀងមេឃុំព្រែកតាទែនក៏ដូចជាលោកគឹមចាន់ថាស្មៀនឃុំព្រែកតាទែនបានអះអាងដូចគ្នាថាម្ចាស់ដីមានសិទ្ធិកាន់កាប់ដីនោះដូច្នេះគេអាចចាក់ដីលុបចូលទន្លេបានតាមចិត្ត។ការអះអាងបែបនេះមិនដឹងថាមានច្បាប់ទម្លាប់មកពីណានោះឡើយ។

ប្រជាពលរដ្ឋក្នុងឃុំព្រែកតាទែនស្រុកពញ្ញាឮខេត្តកណ្ដាលស្នើឲ្យលោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកហើយក៏ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាឮមេត្តាចាត់កូនចៅឲ្យទៅមើលឈ្មួញចាក់ដីលុបទន្លេសាបនៅចំណុចឃុំព្រែកតាទែននោះផង ហើយបើស្ថាប័នជំនាញនិងជាប្រធានក្រុមការងារថនាក់ជាតិចុះមូលដ្ឋានស្រុកពញាឮក៏យល់ថារឿងចាក់ដីលុបទន្លេសាបនេះជារឿងត្រឹមត្រូវរបស់ឈ្មួញដែរនោះដូច្នេះរឿងនេះសុំខណ្ឌចប់ត្រឹមនេះចុះ៕

Loading...