គោយន្តដឹកឈើមួយគ្រឿងបង់អោយសន្តិសុខចំការអំពៅ៥០មុឺនរៀលដើម្បីរត់ការគេចពីការចាប់របស់សមត្ថកិច្ច

កំពង់ស្ពឺ: បទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែដោយសារតែការបើកដៃពីសំណាក់មន្ត្រីឧទ្យាននុរក្សដែលឈរជើងនៅស្រែកិនបណ្តោយអោយក្រុមឈ្មួញដឹកជញ្ជូនឈើជារៀងរាល់យប់ក្នុងនោះផងដែរក្រុមឈ្មួញបានត្រូវរ៉ូវជាមួយមន្ត្រីបរិស្ថានសន្តិសុខយាមក្រុមហ៊ុនចម្ការអំពៅដោយបង់លុយជាថ្នូរនឹងការរត់កាត់តាមផ្លូវចំការអំពៅឆ្ពោះទៅគោលដៅរៀងៗខ្លួន។

ជាក់ស្ដែងគោយន្តដឹកឈើអារប្រភេទខ្នៀបប្រមាណជាជិតបួនម៉ែត្រគីបត្រូវបានក្រុមមន្ត្រីបរិស្ថានដែលឈរជើងនៅចំណុចស្រែកិនអនុញ្ញាតឱ្យដឹកចេញពីតំបន់អភិរក្សជាថ្នូរនឹងការបង់លុយរបស់ក្រុមថៅកែឈើទៅឱ្យអស់លោកមន្ត្រីបរិស្ថានទាំងនោះដែលមានឈ្មោះធឿន កូនចៅលោកហ៊ុល ម៉ារ៉ា ប្រធានស្តីទីការិយាល័យដែនជំរកសត្វព្រៃភ្នំឪរ៉ាល់។

នៅព្រឹកថ្ងៃទី 17 ខែកក្កដាឆ្នាំ 2020 គោយន្តរបស់ថៅកែឈើឈ្មោះមុ៉នបានបើកចេញពីចំណុចគោលដៅបរិស្ថានឈរជើងហើយយកមកលាក់ទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងឋិតនៅភូមិស្រែកិនឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺដែលម្ចាស់ផ្ទះក៏ជាអ្នករកស៊ីឈើដូចគ្នាហើយត្រូវបានស្គាល់ថាឈ្មោះទូច។

ថៅកែឈើរូបនេះបានប្រើប្រាស់រូបភាពពីការដឹកជញ្ជូនតាមរថយន្តមកដឹកជញ្ជូនតាមគោយន្តវិញតែក្នុងមួយគោយន្តបើគេមើលត្រង់តួទៅគឺហាក់បីដូចជាតិចណាស់តែសន្លឹកឈើដែលគេរៀបស្មើជ្រុងយ៉ាងហោចណាស់ក៏ 2 ម៉ែត្រគូបដែរបើលើសពីលើទ្រង់ចូល 4 ទៅ 5 ម៉ែត្រគូបក្នុងមួយគោយន្ត។

ចំពោះការសុំផ្លូវរត់កាត់ក្រុមហ៊ុនចម្ការអំពៅម្ចាស់គោយន្តដឹកឈើត្រូវបង់ទៅឲ្យប្រធានសន្តិសុខម្នាក់ឈ្មោះម៉ាញដែលគេស្គាល់ថាជាទាហានសឹករងខេត្តក្នុងមួយគោយន្ត 250000 រៀលទៅ 500000រៀល ម៉ឺនតាមឈើតិចឬច្រើន។បើមិនបង់ឱ្យមេសន្តិសុខឈ្មោះម៉ាញទេ់ គេមិនអនុញ្ញាតឲ្យគោយន្តដឹកឈើទាំងនោះរត់កាតចម្ការអំពៅឡើយចំពោះការបង់លុយទៀតសោតត្រូវបានប្រភពបង្ហើបថាមិនមែនឈ្មោះម៉ាញយកតែម្នាក់ឯងទេគឺគេទុកមួយចំណែកជូនទៅលោកអធិការស្រុកថ្ពងផងដែរ។

ពាក់ព័ន្ធនឹងការបើកច្រកឲ្យគោយន្តដឹកឈើរត់កាត់ចម្ការអំពៅស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានសឹករងខេត្តនេះដែរមិនអាចសុំការពន្យល់បកស្រាយពីលោកមេបញ្ជាការសឹករងក៏ដូចជាបុគ្គលពោះម៉ាយជាសន្តិសុខក្រុមហ៊ុនបានទេជាពិសេសគឺមន្ត្រីបរិស្ថានដែលឈរជើងនៅស្រែកិនតែម្ដង។

ពលរដ្ឋសង្ឃឹមថាថ្នាក់លើនិងគិតគូរពិចារណាធ្វើការរឹតបន្តឹងព្រោះថាមន្ត្រីបរិស្ថានដែលឈរជើងនៅចំណុចស្រែកិននេះហើយគឺជាអ្នកបើកដៃឲ្យក្រុមឈ្មួញចូលកាប់បំផ្លាញឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកយកទៅលក់នៅខាងក្រៅ។

មហាជនបានលើកឡើងផងដែរថាថ្នាក់លើរបស់ក្រុមហ៊ុនចម្ការអំពៅមិនបានដឹងទេថាសន្តិសុខយាមក្រុមហ៊ុនជាអ្នកបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ចំការអំពៅ ។មានការសំណូមពរផងដែរថាថ្នាក់លើក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនចម្ការអំពៅនៅផ្លោចគួរតែត្រួតពិនិត្យចំពោះសកម្មភាពរបស់ក្រុមសន្តិសុខដែលយាមតាមច្រកក្រុមហ៊ុនទាំងអស់ជាពិសេសគឺចំណុចឈរជើងរបស់ទាហានសឹករងខេត្តឈ្មោះម៉ាញតែម្ដងព្រោះថាមានតែថ្នាក់ដឹកនាំក្រុមហ៊ុននោះទេទើបអាចធ្វើការទប់ស្កាត់ឬដាក់កំហិតណាមួយទៅលើក្រុមសន្តិសុខទាំងនោះទើបជាការប្រសើរ។

ដោយឡែកលោកអ៊ុំម៉ារ៉ាប្រធានស្តីទីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនអាចសុំការពន្យល់បកស្រាយបានទេដោយទូរស័ព្ទទំនាក់ទំនងមិនបាន៕

Loading...