គោយន្តមួយគ្រឿងប្រញាប់ដឹកបារីទៅព្រំដែនជ្រុលចង្កូតបុកតាកូម៉ា សំណាងល្អមិនមានអ្នកស្លាប់

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងគោយន្តកែច្នៃបើកបរលឿនជ្រុលចង្កូតបុករថយន្តតាកូម៉ាបណ្តាលឲ្យភាគីទាំងសងខាងរងរបួសស្រាលក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៧៨ នៅទល់មុខផ្ទះឈ្មោះ បឿ យុគ ស្ថិតនៅក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា បើកបរគោយន្តបង្កមានឈ្មោះ អេង ង៉ុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសស្រាល។ ហើយគោយន្តក្រឡាប់ផ្ងារជើងឡើងលើនេះពាក់ស្លាកលេខ រតនគិរី 6A-0024
អ្នករួមដំណើរម្នាក់ឈ្មោះ ព្រហ្ម សុភី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសស្រាល បើកបរក្នុងទិសដៅពីលិចទៅកើត។

រីឯជនរងគ្រោះបើកបររថយន្តតូយូតា(តាកូម៉ា)ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-4057 មានឈ្មោះ កែវ វិមាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសស្រាល បើកបរក្នុងទិសដៅពីកើតទៅលិច។

មន្ត្រីនគរបាលបានបន្តថា គោយន្តបង្កបើកបរលើសល្បឿនកំណត់ក្នុងទីប្រជុំជន ទើបណ្ដាលឲ្យជ្រុលចង្កូតទៅបុកជាមួយនិងរថយន្តតាកូម៉ា ប៉ុន្តែសំណាងល្អហើយមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ដោយឡែកវត្ថុតាងទាំង២គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនិងប៉ុស្តិ៍រដ្ឋបាលឃុំលំជ័រ រឹបអូសយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

សូមបញ្ជាក់ថា គោយន្តកែច្នៃបង្កខាងលើនេះ បុកជាមួយនិងរថយន្តតាកូម៉ានោះ គឺបានដឹកបារីពេញប្រៀប ចេញពីក្រុងបានលុងឆ្ពោះទៅព្រំដែនវៀតណាមតាមច្រករបៀងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

គេសង្ស័យថា តើដឹកជញ្ជូនបារីទាំងនោះមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬយ៉ាងណា ប៉ុន្តែគេសង្កេតឃើញថា ជារៀងរាល់ថ្ងៃដឹកជញ្ជូនក្នុងមួយថ្ងៃពី៤ទៅ៥ជើងឯណោះ៕

 

 

Loading...