គ្មានអ្វីចម្លែកទេគ្រាន់តែរិះគន់ ប៉ុន្តែមិនអាចធ្វើអ្វីចិនទៅកើត

 

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិក. អង់គ្លេស. អូស្ត្រាលី និងកាណាដា ក៏ដូចជានូវែលសេឡង់ផងដែរ បានរួមគ្នារិះគន់រដ្ឋាភិបាលចិនថាបានរំលោភបំពានទៅលើការប្ដេជ្ញារបស់ខ្លួនឯង ក្រោយពីការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងនោះរួចមក។

តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន CNA រដ្ឋមន្ត្រីការបរទេសប្រទេសទាំង៥ខាងលើអះអាងថា ប្រទេសចិនបានរំលោភបំពានការសន្យារបស់ខ្លួនកាលពីឆ្នាំ១៩៨៤ ជាមួយចក្រភពអង់គ្លេសដែលថាចិននឹងការពារស្វ័យភាពនៅហុងកុងបន្ទាប់ពីបញ្ចប់អាណានិគមន៍ឆ្នាំ១៩៩៧ ហើយអង់គ្លេសប្រគល់សងចិនគ្រប់គ្រងវិញនោះ។

សេចក្តីថ្លែងការណ៍រួមមួយរបស់អង់គ្លេសនិងអាមេរិក អះអាងថា សកម្មភាពរបស់ប្រទេសចិនគឺជាការបំពានយ៉ាងច្បាស់ក្រឡែតកតាព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងស្របច្បាប់រួមគ្នារវាងចិន នឹងអង់គ្លេស ។

ប្រភពបានបន្តទៀតថា សកម្មភាពចុងក្រោយរបស់ប្រទេសចិនហាក់ដូចជាផ្នែកមួយនៃយុទ្ធនាការរួមគ្នាដើម្បីបំបិទសំឡេងរិះគន់ទាំងអស់នៅក្នុងដែនដីហុងកុង។ ប្រភពបន្តថា “ដើម្បីផលប្រយោជន៍ដល់ស្ថេរភាពនិងវិបុលភាពរបស់ហុងកុង វាចាំបាច់ណាស់ដែលចិននិងអាជ្ញាធរហុងកុងត្រូវតែគោរពចលនារបស់ប្រជាជនហុងកុងដែលបានបង្ហាញពីការព្រួយបារម្ភតាមរយៈការបញ្ចេញមតិដោយស្របច្បាប់របស់ពួកគេ” ។

កាលពីសប្តាហ៍មុន អាជ្ញាធរហុងកុងបានដកហូតអភ័យឯកសិទ្ធិសមាជិកសភាចំនួនបួនរូបនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិដែលមានតែពាក់កណ្តាលនៃអាសនៈសរុបត្រូវបានជ្រើសរើសដោយផ្ទាល់នោះ។ ការដកហូតអភ័យឯកសិទ្ធិនេះជាហេតុធ្វើឱ្យសហសេវិករបស់ពួកគេ លាឈប់ពី ការងារដើម្បីសម្ដែងសាមគ្គីភាព។

កាលពីដើមឆ្នាំ២០២០ ប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខដ៏តឹងរឹងមួយ មានគោលបំណងទប់ស្កាត់ការប្រឆាំងនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីកាលឆ្នាំមុននោះមានការតវ៉ាប្រឆាំងទាមទារលទ្ធិប្រជាធិបតេយ្យលក្ខណៈទ្រង់ទ្រាយធំហើយពេលខ្លះបណ្ដាលឱ្យមានការបំភ្លេចបំផ្លាញធ្ងន់ធ្ងរ៕

 

Loading...