គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ទៅ​ស្រុក​យួន

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ឈ្មួញ​មួយចំនួន​ដូចជា​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ការដែល​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​ជា​មន្ត្រីនគរបាល​ពាក់​ផ្កាយ​៣​នៅក្នុង​ក្រសួងមហាផ្ទៃ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី កំពុង​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​ស្រុក​កោះ​ញែក ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា រួច​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ ហើយ​សូម្បីតែ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​មិន​ហ៊ាន​ប៉ះពាល់​មន្ត្រីនគរបាល​ពាក់​ផ្កាយ​៣​ក្នុង​ក្រសួងមហាផ្ទៃ ដែលជា​ខ្នងបង្អែក​របស់​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី នោះដែរ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ជាពិសេស​គឺ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ពេលយប់​។ ក្បួន​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី ត្រូវគេ​ប្រើប្រាស់​រថយន្ត​ឡង់​គ្រឺ​ស័​រ ពាក់​ស្លាក​លេខ​007 បើក​នាំមុខ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។​

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​អូររាំង បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ជាច្រើន​ប្រភេទ​ទៀត​សរុប​រាប់សិប​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​គឃ្លើន​។ ការដែល​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី អាចធ្វើ​អ្វីៗ​យ៉ាង​កំរោល​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ដាក់​ដាំ ផងដែរ​ទើប​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​ក្នុង​ខេត្តមណ្ឌលគិរី មិនដែល​ហ៊ាន​ស្ទាក់​ឃាត់​ក្បួន​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី នោះទេ​ហើយ​បាន​ត្រឹម​នាំគ្នា​សម្ងំ​ចាំ​ទទួលផល​ប្រយោជន៍​តិចតួច​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ សូម្បីតែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​៕

Loading...