គ្រាប់បែកផ្ទុះកណ្តាលទីក្រុង ស្ថិតនៅក្នុងរដ្ឋ រ៉ាឃីន មីយ៉ាន់ម៉ា

ប៉ូលិសបានថ្លែងថា គ្រាប់បែក៣គ្រាប់បានផ្ទុះនៅកណ្តាលទីប្រជុំជន Sittwe ជាតំបន់ទីក្រុងក្នុងរដ្ឋធានី រ៉ាឃីន របស់មីយ៉ាន់ម៉ា បណ្តាលឲ្យប៉ូលិសម្នាក់រងរបួសស្រាល ។ ហេតុការណ៍នេះ គេនៅមិនទាន់ដឹងថា តើជាទង្វើរបស់ក្រុមណាមួយនោះនៅឡើយទេ ។

កាសែតប៊ីប៊ីស៊ីផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ថា គ្រាប់បែក១គ្រាប់ផ្ទុះនៅមិនឆ្ងាយប៉ុន្មានពីភូមិគ្រឹះរបស់មន្ត្រីក្នុងតំបន់ម្នាក់ ខណៈគ្រាប់បែក២ផ្សេងទៀត ១គ្រាប់ផ្ទុះនៅជិតតុលាការ និង១គ្រាប់ទៀតផ្ទុះនៅជិតប៉ុស្តិ៍នគរបាល ។

សូមបញ្ជាក់ថា មនុស្សជាងមួយលានកន្លះនៃជាតិពិន្ទុរ៉ូហ៊ីនយ៉ា ពីរដ្ឋរ៉ាឃីន បានភៀសខ្លួនចោលលំនៅឋានដែលរងការបំផ្លិចបំផ្លាញកាលពីឆ្នាំកន្លងទៅ ក្នុងអ្វីមួយដែលអង្គការសហប្រជាជាតិហៅថា ជាសកម្មភាពលលាងជម្រះជាតិពិន្ធុរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានោះ ។

ភូមិករដែលក្រុមជាតិពិន្ធុរ៉ូហីងយ៉ារស់នៅបានរងការដុតកម្ទេចចោល ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ក៏ព្រោះតែការសងសឹក ក្រោយពីក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា ឆ្មក់វាយប្រហារបន្តបន្ទាប់គ្នាទៅលើទីតាំងប៉ុស្តិ៍សន្តិសុខរដ្ឋាភិបាល ។

យោធាមីយ៉ាន់ម៉ា ឬភូមា និយាយថា ខ្លួនធ្វើសកម្មភាពវាយប្រហារទៅលើក្រុមឧទ្ទាមតែប៉ុណ្ណោះ គ្មានគោលដៅទាល់តែសោះទៅលើជនស៊ីវិលនោះទេ ។

ស្ថានការណ៍តានតឹងកើតឡើងរវាងអាជ្ញាធរ នឹងជាតិពិន្ធុពុទ្ធសាសនានៅរដ្ឋរ៉ាឃីន ក្រោយមនុស្សច្រើននាក់ ត្រូវបានសម្លាប់កាលពីខែមុននេះ នៅពេលដែលសមត្ថកិច្ចបាញ់រះទៅលើហ្វូងមនុស្ស ដែលប៉ុនប៉ងដណ្តើមគ្រប់គ្រងប៉ុស្តិ៍រដ្ឋបាល ។

ប្រភពAFPរាយការណ៍ថា ក្រុមឧទ្ទាមជាតិពិន្ធុនៅក្នុងរដ្ឋរ៉ាឃីនប្តេជ្ញាថា នឹងសងសឹងចំពោះការស្លាប់របស់ក្រុមបាតុករទាំងនោះ ។

លោកវរសេនីយ៍ត្រី Myo Thu Soe អ្នកនាំពាក្យរបស់កងកម្លាំងប៉ូលិសបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិរ៉យទ័រថា គ្រាប់បែកច្នៃមិនទាន់ផ្ទុះ៣គ្រាប់ផ្សេងទៀតបានរកឃើញគេលាក់ទុកនៅតំបន់ទីប្រជុំជននោះដែរ ។

ទីប្រជុំជន Sittwe ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគខាងត្បូងរបស់ប្រទេសមីយ៉ាន់ម៉ា ។ នៅទីនោះ ជាញឹកញាប់ផ្ទុះឡើងនូវអំពើហិង្សាប្រឆាំងជាមួយក្រុមជាតិពិន្ធុរ៉ូហ៊ីងយ៉ា ។

ប្រជាជនរ៉ូហ៊ីងយ៉ានៅតំបន់ជទីប្រជុំជន Sittwe ភាគច្រើនបំផុតបានរត់ចោលផ្ទះសម្បែង ក្រោយផ្ទុះជម្លោះសាសនាក្នុងឆ្នាំ២០១២ ។ យ៉ាងតិចជាង១០០.០០០នាក់ នៅបន្តរស់នៅក្នុងជំរុំឃុំឃាំងខាងក្រៅទីប្រជុំជននៅឡើយទេ ។

ដោយឡែក រូបភាពថតបានពីផ្កាយរណបបង្ហាញថា ភូមិកររបស់ក្រុមជាតិពិន្ទុ រ៉ូហ៊ីនយ៉ាទាំងមូល ដែលរងការបំផ្លាញដោយអគ្គិភ័យភាគច្រើននោះ ត្រូវបានឆូសឆាយកម្ទេចអស់ទាំងស្រុងហើយ ។ នេះបើតាមក្រុមសង្កេតការសិទ្ធិមនុស្ស ។ ការបំផ្លិចបំផ្លាញលំនៅឋាននេះ ជាសកម្មភាពជាក់ស្តែងដើម្បីលុបឲ្យបាត់ភស្តុតាង សម្រាប់ការទាមទារភាពស្របច្បាប់ពីសំណាក់ក្រុមជាតិពិន្ទុរ៉ូហ៊ីងយ៉ា ដែលបានរត់និរទេសខ្លួនទាំងនោះ ៕

 

Loading...