គ្រូទស្សន៍ទាយអាយុ៦៥ឆ្នាំរងនូវការប៉ុនប៉ងសម្លាប់

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ ឈ្មោះ ប្រាក់ គង់ អាយុ៦៥ឆ្នាំ ជាគ្រូទស្សន៍ទាយ មានទីលំនៅភូមិត្រពាំងស្វាយ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរងនូវការប៉ុនប៉ងសម្លាប់ ។

លោកវរសេនីយ៍ឯកឃឹម សុផាន់រា អធិការនគរបាលស្រុកគងពិសី បានប្រាប់នៅព្រឹកថ្ងៃទី០១ មេសា ២០១៧ថា ករណីនេះកើតឡើងកាលពីវេលាម៉ោង១៥និង៣0នាទី ថ្ងៃទី៣១ មីនា ២០១៧ នៅ។

តាមការស្រាវជ្រាវករណីនេះ បានកើតឡើងបន្ទាប់ពីមានអ្នកភូមិម្នាក់មានជំងឺ មើលមិនជាទើបកើតមានហេតុការណ៍បែបនេះឡើង។ទោះជាយ៉ាងណាការប៉ុនប៉ុងទាមទារយកបុរសចំណាស់ពីលើផ្ទះមកដើម្បីសម្លាប់នេះមិនបានសំរេចនោះទេដោយសមត្ថកិច្ចនគរបាលស្រុកបានចុះទៅអន្តរាគមន៍ទាន់ពេលវេលានិងបានដឹកបុរសរូបនេះតាមរថយន្តមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធានាសន្តិសុខសុវត្ថិភាពចៀសវាងកុំអោយមានអំពើហិង្សាណាមួយកើតឡើងចំពោះជនរងគ្រោះ។

រហូតមកដល់ព្រឹកថ្ងៃទី០១ មេសា​នេះសមត្ថកិច្ចបានស្រាវជ្រាវដឹងថា ក្រុមមនុស្សដែលទាមទារចង់យកជនរងគ្រោះទៅសម្លាប់នេះ មានគ្នា១៩នាក់សុទ្ឋសឹងជាអ្នកពាក់ព័ន្ឋសកម្ម ក្រៅពីនោះ គឺជាអ្នកគាំទ្រ ។

ស្ត្រីចំណាស់មួយរូបជាប្រពន្ឋជនរងគ្រោះបានរៀបរាប់ថា ក្នុងភូមិមានគ្រួសារមួយមានមនុស្សឈឺតែក្រុមគ្រួសារមិនបានយកចិត្តទុកដាក់នាំទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលនោះទេ បែរជាទៅរកគ្រូហោគុនគូរមើលទៅវិញ។

រឿងនេះក្នុងនាមគាត់ជាប្រពន្ឋបានដាក់ពាក្យបណ្តឹងសូមអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីជួយរកយុត្តិធម៌ដល់ប្តីរបស់គាត់ផងដែរ ៕ មណ្ឌលច្បារមន

Loading...