គ្រូបង្រៀននិងសិស្សតវ៉ាការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូក្នុងអនុវិទ្យាល័យគគីរ

ខេត្តកណ្តាល៖គ្រូបង្រៀន និងសិស្សានុសិស្សដែលកំពុងបង្រៀន និងរៀននៅអនុវិទ្យាល័យគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាង ៤០០នាក់ នាំគ្នាតវ៉ាការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) នៅក្នុងបរិវេណសាលា។ ទោះជាមានការតវ៉ាយ៉ាងនេះក្ដី ក៏កម្មវិធីប្រគំតន្ត្រី នៅតែបន្តចូលដល់ថ្ងៃទីពីរ។
គ្រូបង្រៀនចំនួន ២៣នាក់ និងសិស្សចំនួន ៤៤២នាក់ នាំគ្នាផ្ដិតមេដៃប្រឆាំងនឹងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) ដែលធ្វើនៅក្នុងបរិវេណសាលារៀនជាលើកទី២ ចាប់ពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា។គ្រូបង្រៀនមួយរូបក្នុងចំណោមគ្រូបង្រៀនដែល ផ្ដិតមេដៃចំនួន ២៣រូប គឺលោក ឡាច វ៉េត ថ្លែងថា ពួកលោកមិនពេញចិត្តនឹងការប្រគំតន្ត្រីផ្សាយគ្រឿងស្រវឹងនៅក្នុង បរិវេណអនុវិទ្យាល័យគគីរ បន្តទៀតឡើយ ជាពិសេសការផ្សព្វផ្សាយស្រាបៀលីអូនោះ៖ «យក គ្រឿងស្រវឹងយកអីមកដាក់សាលាអ៊ីចឹង ដោយគេមិនគិតពីផលប៉ះពាល់ក្នុងសាលារៀន ដល់ពេលខ្ញុំធ្វើដើម្បីប្រយោជន៍រួមពេញចិត្តអ៊ីចឹងហើយ ដូចជាមិនសូវជាជួយលោកគ្រូអ្នកគ្រូសោះ ហើយអាជ្ញាធរដែនដីហ្នឹង ខ្ញុំចង់និយាយថាខុសឆ្គងធ្ងន់ណាស់។ អត់ត្រូវយកគ្រឿងស្រវឹងអីអ៊ីចឹងទេ ដូចចំនៀរខាងខ្ញុំគគីរ កាលដែលយើងប្រគំលីអូ សាមុន ក្មេងៗចេញមកខ្លះមានគ្រោះថ្នាក់ ស្លាប់អីក៏មានដែរ»។
លោកគ្រូអ្នកគ្រូទាំងនេះបញ្ជាក់ក្នុងញត្តិមួយថា មូលហេតុនៃការតវ៉ា គឺព្រោះបន្ទាប់ពីការប្រគំតន្ត្រីចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា របស់ក្រុមហ៊ុនស្រាបៀលីអូ បានបន្សល់ទុកសំរាមជាច្រើន ដូចជា អំបែងដបស្រាបៀ និងក្លិនស្អុយពីសំណល់ផ្សេងៗ។
លោក ឡាច វ៉េត បន្តថា លោកគ្រូអ្នកគ្រូ និងសិស្ស បានដាក់ស្នាមមេដៃសិស្សជាង ៤០០នាក់ (៤៤២នាក់) ទៅ ក្រសួងអប់រំ យុវជន និងកីឡា នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ កុម្ភៈ ដើម្បីឲ្យលុបចោលកម្មវិធីប្រគំតន្ត្រីនោះ ប៉ុន្តែកម្មវិធីនេះនៅតែអាចចាប់ផ្ដើមនៅថ្ងៃទី២៧ កុម្ភៈ។ លោកទទួលបានការឆ្លើយតបថា ថ្នាក់លើជាអ្នកសម្រេច។
នាយកអនុវិទ្យាល័យគគីរ លោក យឹម នីរ៉ា ឆ្លើយតបថា លោកមិនមែនជាអ្នកសម្រេចទេ គឺអាជ្ញាធរដែនដីជាអ្នកសម្រេច ព្រោះកន្លែងនោះជាដីស្តាត ឬកីឡដ្ឋាន មិនមែនជារបស់សាលាទេ។
ប្រធានមន្ទីរអប់រំខេត្តកណ្ដាល លោក អ៊ុង តុលា ក៏បដិសេធថា ខាងលោកមិនពាក់ព័ន្ធដែរ គឺខាងអាជ្ញាធរមូលដ្ឋានជាអ្នកអនុញ្ញាត។ លោកបន្ថែមថា ខាងក្រសួងក៏មិនគាំទ្រការផ្សព្វផ្សាយគ្រឿងស្រវឹងនៅសាលាដែរ៖ «ជាទូទៅ ក្រសួងបានណែនាំ ហើយមន្ទីរក៏បានណែនាំដែរ ប៉ុន្តែមានរឿងខ្លះជារឿងសហគមន៍ និងអាជ្ញាធរ ដែលគាត់គិតថាតម្រូវឲ្យមានការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ហើយមិនប៉ះពាល់ម៉ោងសិក្សារបស់សិស្សអី គាត់អាចធ្វើបាន។ សំខាន់ចៀសវាងការប៉ះពាល់ម៉ោងសិក្សារបស់សិស្ស។ បើមិនប៉ះពាល់ម៉ោងសិក្សារបស់សិស្សទេ ដូចជាមិនអីទេ»។
មេឃុំគគីរ លោក គង់ ឆេង មានប្រសាសន៍បញ្ជាក់ថា លោកមិនមែនជាអ្នកស្រេចតែឯងទេ៖ «សូម ជម្រាបជូនថា ទីលានស្តាតនេះគេហៅថាស្តាតគគីរ ស្តាតរបស់ស្រុក។ ប៉ុន្តែក្រោយមកហ្នឹង នៅជិតស្តាតហ្នឹងគេមានសង់អគារសិក្សារបស់សិស្ស ហើយការរៀបចំនេះ គេមិនបានទៅរៀបចំឲ្យទៅជិតសិស្សនោះដែរ គឺយើងដាក់ឲ្យដាច់ឆ្ងាយពីសិស្ស។ ប៉ុន្តែទីលានហ្នឹងវាអត់មានរបងសម្រាប់សាលា អត់មានរបងសម្រាប់ស្តាតទេ។ អ៊ីចឹងវាលក្ខណៈជារួម»។
ទោះជាយ៉ាងនេះក្ដី ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បញ្ចេញទស្សនៈថា ការយកសាលារៀនដែលជាមជ្ឈមណ្ឌលយុវជន ធ្វើជាកន្លែងផ្សព្វផ្សាយគ្រឿងស្រវឹងនោះជាការមិនត្រឹមត្រូវទេ៖ «អស់ លោកហ្នឹងគួរពិចារណាថាមានកន្លែងណាដែលល្អសម្រាប់ពួកយុវជន ដែលគ្នាទៅរៀនសូត្រពីសង្គមល្អមួយបាន បើគាត់ទៅបង្ហាញតែការផឹកស៊ីផឹកស្រាបៀបានឡូយអីអ៊ីចឹង ឧទាហរណ៍។ អ៊ីចឹងតើកន្លែងណាដែលរកឲ្យគ្នាបានកន្លែងល្អ? កន្លែងដែលកសាងសីលធម៌ កន្លែងផ្ដល់នូវការអប់រំឲ្យគ្នាពិតប្រាកដ? សូម្បីតែកន្លែងអប់រំ យើងយកទៅធ្វើអ៊ីចឹងទៀតហើយ»។
លោកឲ្យដឹងថា មានស្ថាប័នជាច្រើនរាប់ទាំងក្រសួងសុខាភិបាល និងព្រឹទ្ធសភា ផង កំពុងខិតខំធ្វើច្បាប់សម្រាប់គ្រប់គ្រងគ្រឿងស្រវឹង ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីបញ្ជូនត្រឡប់មកក្រសួងសុខាភិបាល វិញ ដោយមិនបានបញ្ជាក់ច្បាស់លាស់។
ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង គឺមានគោលដៅកាត់បន្ថយការប្រើប្រាស់ និងគ្រប់គ្រងការផ្សព្វផ្សាយដែលទាក់ទាញយុវជនឲ្យចាប់ផ្ដើមទទួលទាន គ្រឿងស្រវឹង។
លោក យង់ គិមអេង ថ្លែងថា រដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាម សាលាទេ ហើយក្រសួងគួរចាត់វិធានការនៅពេលណាមានការផ្សព្វផ្សាយបែបនេះ៕

IMG-22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *