គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជារំពឹងបានឡើងទៅលេងក្រុម៣វិញ ក្រោយប្រកួត Davis Cup នៅ ប្រទេសបារ៉ែន

ភ្នំពេញ៖ គ្រូបង្វឹកកីឡាវាយកូនបាល់ កម្ពុជាបានដាក់ក្តីសង្ឃឹមទៅលើកូនក្រុមរបស់ខ្លួនថា ក្រោយពីប្រកួត ក្នុងDavis Cup ២០១៧ក្រុមទី៤នៅប្រទេសបារ៉ែន (Bahrain) ក្រុមកីឡាករកម្ពុជាអាចទទួលបានសិទ្ធិឡើងមកលេងក្នុងក្រុមទី៣វិញខណៈកាលពីឆ្នាំ២០១៦ក្រុមកម្ពុជា បានធ្លាក់ចេញពីការប្រកួតក្រុម៣នៅប្រទេសអ៊ីរ៉ង់។

លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានអះអាងថា សហព័ន្ធ បានប្រមូលផ្តុំកីឡាករជម្រើសជាតិរបស់ខ្លួន៥នាក់ហ្វឹកហាត់បង្កើនបច្ចេកទេសត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍Davis Cup២០១៧ក្រុមទី៤ នៅប្រទេសបារ៉ែន នាខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីកីឡាករវាយកូនបាល់កម្ពុជាធ្លាក់ចេញពីការប្រកួតក្រុមទី៣កាលពីឆ្នាំ២០១៦នៅប្រទេសអ៊ីរ៉ង់នោះ។

លោក បានបន្តទៀតថា ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ត្រៀម ពីដើមឆ្នាំ២០១៧តាមរយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង របស់កីឡាករវាយបាល់កម្ពុជាបានកើនឡើងនូវកម្រិតបច្ចេកទេសយ៉ាងខ្លាំង ។ គ្រូជម្រើសជាតិរូបនេះបញ្ជាក់ថា យោងតាមការហ្វឹកហាត់ និងបច្ចេករីកចម្រើន របស់កីឡាករ លោកសង្ឃឹមថា ក្រុមកីឡាករ វាយកូនបាល់កម្ពុជាអាចឡើងទៅលេងក្រុមទី៣វិញបានជាក់ជាពុំខាន ឡើយ។

លោក បន្ថែមថា ព្រឹត្តិការណ៍ Davis Cup ក្រុមទី៤ ចាប់ផ្តើមប្រកួតពីថៃ្ងទី៣ដល់ថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៧ មានប្រទេសចំនួន១២ចូលរួមមានដូចជា ប្រទេសបង់ក្លាដែស, បារ៉ែន, អ៊ីរ៉ាក់, គៀរហ្ស៊ីស្ថាន, អារ៉ាប៊ីសាអ៊ូឌីត, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, អូម៉ង់, សិង្ហបុរី, តាហ្ស៊ីគីស្ថាន, យេមែន និងកម្ពុជា។

គួររំលឹកថា កាលពីឆ្នាំ២០១២ ប្រទេសកាតារធ្វើជាម្ចាស់ផ្ទះ ក្រុមកីឡាករកម្ពុជាបានឡើងទៅកាន់ក្រុមទី៣ម្តង ដោយជាប់លេខ១ក្នុងពូលB ប្រកួតឈ្នះប្រទេសកាតារ មីយ៉ាន់ម៉ា សិង្ហបុរី និងប្រទេសហ្ស៊កដាដី។ ឆ្នាំ២០១៣ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើម្ចាស់ផ្ទះ កម្ពុជារក្សាបាននូវក្រុមទី៣ ឆ្នាំ២០១៤ រក្សាបានក្រុមទី៣ ឆ្នាំ២០១៥ រក្សាបាន ក្រុមទី៣ និងឆ្នាំ២០១៦ អ៊ីរ៉ង់ធ្វើម្ចាស់ផ្ទះកម្ពុជាបានធ្លាក់មកក្រុមទី៤វិញ ៕

Loading...