គ្រួសារពលករខ្មែរស្លាប់នៅថៃអំពាវនាវឲ្យអាជ្ញាធរជួយទាមទារសំណងពីក្រុមហ៊ុនថៃ

ខេត្តប៉ោយប៉ែត ៖យុវជនខ្មែរម្នាក់ជាអ្នកភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទៅធ្វើជាកម្មករនៅទីក្រុងបាងកក ប្រទេសថៃ បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។

ក្រុមគ្រួសារទើបតែទៅទទួលយកសាកសពពលករខ្មែរម្នាក់នេះពីទីក្រុងបាងកក ប្រទេសថៃ ត្រឡប់មកដល់ភូមិកំណើតវិញកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ហើយការស្លាប់របស់ពលករខ្មែរនោះ ក៏មិនមានសំណងទឹកប្រាក់ឲ្យសមរម្យនៅឡើយទេ។

ក្រុមគ្រួសាររបស់ពលករខ្មែរ និងអាជ្ញាធរមូលដ្ឋានឃុំគោកធ្លកលើ បានអំពាវនាវដល់មន្ត្រីរដ្ឋាភិបាល ឲ្យជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ក្នុងការទាមទារឲ្យក្រុមហ៊ុនថៃ ផ្តល់សំណងជាទឹកប្រាក់ឲ្យបានសមរម្យ ដល់គ្រួសារកម្មករខ្មែរម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅឯទីក្រុងបាងកក ប្រទេសថៃ នោះ។

មេភូមិគោកធ្លក គឺលោក សួស ម៉ៅ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២៦ ខែសីហា ថា យុវជនម្នាក់ឈ្មោះ ជា ឡុង អាយុ ២៨ឆ្នាំ បានចាកចេញពីភូមិកំណើតទៅធ្វើជាកម្មករផ្លូវរថភ្លើងនៅឯប្រទេសថៃ រយៈពេល ៣ឆ្នាំមកហើយ។ យុវជននេះ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកកិនស្លាប់ កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ គឺក្រុមហ៊ុនថៃ មិនបានទទួលខុសត្រូវលើអាយុជីវិតរបស់កម្មករខ្មែរឡើយ។ លោកមេភូមិគោកធ្លក បញ្ជាក់ទៀតថា ក្រុមគ្រួសារទើបតែទៅទទួលយកសាកសពពលករខ្មែរ មកដល់ផ្ទះវិញកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ក៏ប៉ុន្តែគ្មានបានទទួលសំណងនៃការស្លាប់នោះទេ គឺមានតែម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់ចេញសងជាទឹកប្រាក់ ១៥.០០០បាតប្រាក់ថៃ ស្មើនឹងជាង ៤០០ដុល្លារអាមេរិកប៉ុណ្ណោះ។ លោកមេភូមិ អំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាល និងស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយជ្រោមជ្រែងលើការទារសំណង ចំពោះការស្លាប់របស់កម្មករខ្មែរម្នាក់នេះ៖ «ចង់ឲ្យស្ថានទូតជួយរកកន្លែងក្រុមហ៊ុន ដើម្បីទាមទារសំណង ដើម្បីឲ្យខាងលើដោះស្រាយជាមួយក្រុមហ៊ុនដែលយកកម្មករទៅនោះ»។

មេឃុំគោកធ្លកលើ លោក ទូច ទ្រី មានប្រសាសន៍ថា ពលករខ្មែរឈ្មោះ ជា ឡុង ដែលស្លាប់នៅឯប្រទេសថៃ នោះ គឺជាក្មេងកំព្រាឪពុក មានតែម្ដាយជាស្ត្រីមេម៉ាយ។ លោកមេឃុំអះអាងថា ក្នុងពេលដែលពលករឈ្មោះ ជា ឡុង ស្លាប់នោះ គឺក្រុមគ្រួសារបានទទួលសំណងពីម្ចាស់រថយន្តដែលបើកកិននោះ ១៥.០០០បាត ប៉ុន្តែប្រាក់នោះគ្រាន់តែជួលរថយន្តដឹកសាកសពពីទីក្រុងបាងកក មកដល់ព្រំដែនខ្មែរប៉ោយប៉ែត គឺអស់ទៅហើយ។ ចំណែកឯការដឹកសាកសពបន្តពីប៉ោយប៉ែត មកដល់ភូមិកំណើតអស់ ៤០០ដុល្លារទៀត គឺក្រុមគ្រួសារត្រូវចេញប្រាក់ខ្លួនឯង ហើយគ្មានប្រាក់ធ្វើបុណ្យសពទេ៖ «សំណងអត់គ្រប់ទេ គឺចេញលុយពីហោប៉ៅអ្នកផ្ទះទេ។ ក្រុមហ៊ុនវាពិបាកណាស់ពេលមករកពលករ គឺគេលួងលោមទៅ ប៉ុន្តែពេលមានបញ្ហាដូចមិនសូវយកចិត្តទុកដាក់ឡើយ»។

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន ដែលបានដឹងរឿងនេះ បានសម្ដែងការសោកស្ដាយ ហើយចាត់ទុកថា សំណងដែលសងចំពោះអ្នកស្លាប់ ១៥.០០០បាតនោះ គឺតិចតួចណាស់។ លោក សួស ណារិន ជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវស្រាវជ្រាវពីឈ្មោះក្រុមហ៊ុនដែលនាំពលករខ្មែរទៅធ្វើការនោះឲ្យច្បាស់ រួចហើយធ្វើពាក្យបណ្ដឹងដាក់ទៅរដ្ឋាភិបាល ឲ្យជួយចាត់វិធានការចំពោះរឿងទាមទារសំណងឲ្យបានសមរម្យថែមទៀត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *