គ្រួសារអតីតយុទ្ធជន ជនដែលមានពិការភាព ចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពលំបាកក្នុងខេត្តកំពង់ធំ ទទួលបានការឧបត្ថម្ភពី មេបញ្ជាការកងទ័ពជើងគោក ជាបន្តបន្ទាប់

(ខេត្តកំពង់ធំ)៖ អំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន ជនដែលមានពិការភាព ចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាតជាបន្តបន្ទាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ក្រៅពីអនុវត្តភារកិច្ចស្នូលក្នុងអង្គភាព លោកបានឆ្លៀតដឹកនាំសហការី ដោយសហការជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាចែកជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន០៤គ្រួសារបន្ថែមទៀតនៅក្នុងភូមិ រលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក៏បានទទួលការឧបត្ថម្ភ ពីមេបញ្ជាការជើងគោក ផងដែរ ។

នៅក្នុងឱកាស ប្រគល់អំណោយ នាពេលនោះ លោក ឧត្តមសេនីយ៍ទោ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងបានសំណូមពរដល់ ប្រជាពលរដ្ឋ ត្រូវតែខិតខំពុះពារជំនះការលំបាក ប្រកបរបរ ទទួលទានដោយសុចរិតទៀងត្រង់ ដូចជារបរ កសិកម្ម ដាំដុះ ចិញ្ចឹមសត្វ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើង។

គួររំលឹកជូនថា គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់គ្រួសារអតីតយុទ្ធជន ជនពិការ ជនចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត ចំនួន២៨គ្រួសារ។ បន្ថែមពីនោះក៏បានប្រគល់ផ្ទះ០១ខ្នងជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន និង០២ខ្នងផ្សេងទៀតកំពុងសាងសង់ ហើយគ្រោងនឹងប្រគល់នៅសប្តាហ៍ក្រោយ៕

Loading...