គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​ជួយ​សង្គ្រោះ​កូន​ស្រី​ដែល​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី

ខេត្ត​ស្ទឹងត្រែង៖ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ជួយ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​កូន​ស្រី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ម៉ាឡេស៊ី បាត់​ដំណឹង​ជាង ៥​ឆ្នាំ​មក​ហើយ។ ការ​ដែល​បាត់​ដំណឹង​កូន​ស្រី​ជាច្រើន​ឆ្នាំ​មក​នេះ ពួក​គាត់​សង្ស័យ​ថា ជា​ការ​ចាញ់​បោក​មេ​ខ្យល់​បោក​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​រដ្ឋាភិបាល បន្ទាប់​ពី​ពួក​គាត់​ព្យាយាម​ប្ដឹង​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្វែងរក​កូន​ស្រី​ដែល​បាន​បាត់​ខ្លួន​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ស្ត្រី​មេម៉ាយ​ដែល​មាន​វ័យ ៥០​ឆ្នាំ ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ គឺ​អ្នកស្រី តាំង អំ។ អ្នកស្រី​រៀបរាប់​នៅ​ថ្ងៃ​ទី​៧ កញ្ញា ថា កូន​ស្រី​អ្នកស្រី​មាន​ឈ្មោះ​ថា ជិន អាន់ អាយុ ២៣​ឆ្នាំ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ឈ្មោះ​ថា ក្រុមហ៊ុន អេ.ឌី.ភី (ADP)។

អ្នកស្រី​សន្និដ្ឋាន​ថា ការ​បាត់​ដំណឹង​កូន​ស្រី​នេះ ទំនង​ជា​ត្រូវ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន អេ.ឌី.ភី ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ។ អ្នកស្រី​បញ្ជាក់​ថា កន្លង​មក​ក្រុមហ៊ុន​នេះ​បាន​ឃោសនា និង​ការ​អំពាវនាវ​តាម​រយៈ​វិទ្យុ និង​កាសែត​ជាដើម ទាក់ទង​អត្ថប្រយោជន៍​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស៖ «កូន​ខ្ញុំ​ មិន​ចង់​ទៅ​ប៉ុន្មាន​ទេ ប៉ុន្តែ​គេ​សម្បើម​ពេក គេ​បង្ខំ​ឯកសារ​ឆ្អែត​ហើយ ពាក្យ​សម្ដី​ឆ្អែត ហើយ​ស៊ីខេម ស៊ីខេម ចំណាប់​ជាង​មីង អ៊ុន ទៀត អង្គុយ​តែ​គិត​រាល់​ថ្ងៃ​នឹក​កូន​ធ្វើ​អី​ក៏​មិន​ចេញ​ដែរ ពេល​នឹក​ឃើញ​យំ​ហើយ។ ថ្ងៃ​ណា​បាន​ឃើញ​មុខ​កូន​ទេ​ខ្ញុំ»

មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ក្រុមហ៊ុន អេ.ឌី.ភី ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បាន​ទេ នៅ​ថ្ងៃ​ទី​៧ កញ្ញា។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី មិន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ទេ ដោយ​លោក​ថា​កំពុង​ជាប់​រវល់​ប្រជុំ។

ទាក់ទង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ កញ្ញា ថា ការ​ជួយ​ស្ត្រី​ជន​រងគ្រោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់លាស់ ដើម្បី​ចងក្រង​ជា​ឯកសារ ឬ​កំណត់​ហេតុ​ក្នុង​ការ​ជួយ​ជន​រងគ្រោះ​តាម​គ្រប់​មធ្យោបាយ ដូចជា​ការ​អន្តរាគមន៍​តាម​រយៈ​ទូរស័ព្ទ ការ​ធ្វើ​សន្និសីទ​កាសែត ព្រម​ទាំង​ការ​អន្តរាគមន៍​ទៅ​អង្គការ និង​អាជ្ញាធរ​នៅ​ក្រៅ​ប្រទេស ជាដើម។ អ្នកស្រី​ថា ពាក្យ​បណ្ដឹង​របស់​ម្តាយ​ស្ត្រី​រងគ្រោះ​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​មិន​ទាន់​មក​ដល់​ការិយាល័យ​កណ្ដាល​សមាគម​អាដហុក នៅ​ឡើយ​ទេ៖ «គឺ​ ចំណាត់​ការ​របស់​យើង​តាម​ផ្លូវ​ច្បាប់​តែ​ម្តង គឺ​យើង​ត្រូវ​តែ​ជួយ​ជន​រងគ្រោះ​ជា​ធំ ប្រសិន​ជា​យើង​ស៊ើប​អង្កេត​ទៅ​ដឹង​ថា គឺ​ជា​ជន​រងគ្រោះ​ហើយ​ពិត​ប្រាកដ​ហើយ។ យើង​ត្រូវ​តែ​ស្វះស្វែង​ក្នុង​ការ​ជួយ​គេ​តាម​គ្រប់​មធ្យោបាយ»

ដោយឡែក​អ្នក​ភូមិ​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ កត់​សម្គាល់​ថា អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ក្រីក្រ ទាក់ទង​ការ​បាត់​កូន​ស្រី​នោះ​ទេ មាន​ន័យ​ថា ពាក្យ​បណ្ដឹង​របស់​ម្តាយ​ស្ត្រី​រងគ្រោះ ត្រូវ​កប់​ចោល និង​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នោះ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា មេ​ខ្យល់​ដែល​ដឹង​រឿងរ៉ាវ​របស់​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ ប្រទេស គឺ​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ប្រសិន​ជា​អាជ្ញាធរ​មាន​ឆន្ទៈ​ជួយ​សង្គ្រោះ​ស្ត្រី​រងគ្រោះ អាច​នឹង​រក​ឃើញ​ពី​ឫសគល់​នៃ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​ឆបោក​នេះ៖ «ក្មួយ ​ខ្ញុំ​គ្នា​ក្រីក្រ ចាញ់​បោក​គេ គេ​ថា​ទៅ​តែ ២​ឆ្នាំ គេ​កុហក​ថា​ទៅ​ធ្វើ​ការ​ស្រួល​ទេ បាន​លុយ​ដុល្លារ​អី​មក ធូរធារ ឥឡូវ​បែរ​ជា​មិន​ធូរធារ បាត់​ខ្លួន​ឈឹង។ បាត់​មិន​ដឹង​ជា​ស្លាប់ ឬ​រស់ និង​យក​ទៅ​លក់​យ៉ាង​ម៉េច

សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា តាំង​ពី​ឆ្នាំ​២០១៥ រហូត​ដល់​បច្ចុប្បន្ន សមាគម​ទទួល​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ ​ប្រទេស​ចំនួន ៨​ករណី ក្នុង​នោះ​ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ចំនួន ២​ករណី ស្រុក​សៀមប៉ាង ៥​ករណី និង​ស្រុក​សៀមបូក ១​ករណី។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បារម្ភ​ថា សមត្ថកិច្ច​មូលដ្ឋាន​ហាក់​មិន​មាន​ឆន្ទៈ​អន្តរាគមន៍ និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើ ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ ប្រទេស​នោះ​ទេ។ លោក​ថា ជាក់ស្តែង​គ្រួសារ​ស្ត្រី​រងគ្រោះ​ដែល​មក​ប្ដឹង​នៅ​សមាគម​អាដហុក ជាច្រើន​ករណី ច្រើន​តែ​ត្អូញត្អែរ​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ព្រងើយ​កន្តើយ​ក្នុង​ការ​ជួយ​ដោះស្រាយ​ករណី​នេះ៕

33333

Loading...

Leave a Reply

Your email address will not be published. Required fields are marked *