គ្រឿង​ស្រវឹង​ធ្វើ​ខាតបង់​ថវិកាជាតិ​ប្រមាណ​៤៤​លាន​ដុល្លារ និង​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​ក្នុង​មួយ​​ឆ្នាំៗ​

ភ្នំពេញ៖ ក្រុមមន្ត្រី​ធ្វើការ​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​ខាតបង់​ថវិកា​មិនតិចជាង​៤៤​លាន​ដុល្លារ​អាមេរិក ដោយសារ​ការប្រើប្រាស់​គ្រឿង​ស្រវឹង (​គ្រោះថ្នាក់​ចរាចរណ៍​) និង​មាន​មនុស្ស​ប្រមាណ​ជា​៣០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​១​ឆ្នាំៗ​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ថា ការប្រកាស​លទ្ធផល​អ​ង្កេ​ត​ប្រជាសាស្ត្រ ទៅលើ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បង្ហាញថា​មាន​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​រយ​នាក់​ក្នុង​មួយឆ្នាំៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ លោក​ថា ការប្រើប្រាស់​គ្រឿង​ស្រវឹង បង្ករ​ផលប៉ះពាល់ សុខភាព អំពើហិង្សា ធនធានមនុស្ស សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ។

​ដើម្បី​កាត់បន្ថយ​នូវ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ត្រូវ​តម្លើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង ហាម​ឃាត​ការផ្សាយពាណិជ្ជកម្ម ដែល​ជាការ​ជម្រុញ​និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់ កំណត់​អាយុ និង​ដាក់​កំហិត​នៃ​ការប្រើប្រាស់ កំណត់​ទំហំ​នៃ​ការផ្សព្វផ្សាយ និង​បង្កើន​ការដាក់ទោសទណ្ឌ​ចំពោះ​អ្នកមាន​ជាតិ​អាកុល​លើ​ពី​ច្បាប់​បានកំណត់​។​

​លោក មុំ គង់ បាន​ឲ្យ​ដឹង​ទៀតថា ៩០​ភាគរយ នៃ​កុមារ​កម្ពុជា អាយុ​ពី​១០​ទៅ​១១​ឆ្នាំ​យល់ថា គ្រឿង​ស្រវឹង​ជា​មូលហេតុ​ចំបង បណ្តាល​ឲ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​សហគមន៍​របស់ខ្លួន ។ តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា ក្នុង​មួយថ្ងៃៗ​មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលមកពី​មូលហេតុ​ផ្សេងៗ មាន​ចំនួន​៥​នាក់​ជាប្រចាំ​។​

​កញ្ញា ម៉ក់ តេ​វិ​ន បាន​លើកឡើងថា ក្រោយ​បញ្ចប់ នៃ​ការអង្កេត​នេះ នឹង​យក​លទ្ធផល​ទាំងអស់ ទៅ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ជូនដំណឹង​ទៅ​ឲ្យ​អ្នកតាក់តែង​ច្បាប់ ដើម្បី​ឲ្យ​ពួកគាត់​បានដឹង​ហើយ​បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​គ្រឿង​ស្រវឹង នូវ​លក្ខខណ្ឌ​ទាំង​៤​ចំណុច រួមមាន តម្លើង​ពន្ធ កំណត់​អាយុ ហាម​ផ្សាយពាណិជ្ជកម្ម និង​កំហិត​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​

​លោក តូច សារូ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រសួង​អប់រំ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ និង​អង្គកា​សង្គម​ស៊ីវិល​ជាច្រើន​ទៀត មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ផ្សព្វផ្សាយ​អំពី​ហានិភ័យ ដែល​បង្ករ​ឡើង​ដោយសារ​គ្រឿង​ស្រវឹង ពិសេស​យើង​មានការ​រឹតបណ្តឹង​ចំពោះ​ការធ្វើ​ចរ​រាច​រណ៍​គ្រឿង​ស្រវឹង​នៅតាម​គ្រឹ​ស្ថាន​អប់រំ និង​បានដាក់​ការអប់រំ​នេះ​ទៅក្នុង​កម្មវិធីសិក្សា​តាំងពី​ថ្នាក់​ទី​១​រហូត​មធ្យមសិក្សា​។

​អនុរដ្ឋលេខាធិការ​បញ្ជា​ក់ថា ការកាត់បន្ថយ និង​ការទប់ស្កាត់ ការប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ មិនអាច​ថា​មានតែ​ក្រសួង ស្ថាប័នរដ្ឋ​ជំនាញ​ណាមួយ​នោះទេ គឺ​ត្រូវតែមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន រាប់​ឪពុកម្តាយ អាណាព្យាបាល និង​យុវជន យុ​វជនា​ខ្លួនឯង​ផង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ចំពោះ​អ្នក​បាន​សិក្សា​រៀនសូត្រ​មានការ​យល់ដឹង​ជាង អ្នក​មិនបាន​សិក្សា​រៀនសូត្រ ហើយ​ការទទួលយក​ការ​លើទឹក​ចិត្ត​ពី​ការផ្សាយ​ពាណិជ្ជ​ក៏មាន​កម្រិតយល់ដឹង​ជាង​ដែរ​។​

​ទាក់ទិន​ទៅ​និង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នេះដែរ ក្រុមនិស្សិត​ដែល​មកពី​បណ្តា​គ្រឹះស្ថាន​អប់រំ​នានា​ក្នុង​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​មានការ​រឹតបណ្តឹង​ច្បាប់ ចំពោះ​អ្នកប្រើប្រាស់​គ្រឿង ស្រវឹង​តាមរយៈ​ការដាក់ទោសទណ្ឌ​ស្មើភាព​គ្នា ហាន​ឃាត់​ការផ្សាយ​ពា​ណិ​ជ្ជា​ដែល​នាំ​ឲ្យ​មានការ​លើកទឹកចិត្ត និង​ស្នើ​ឲ្យ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឲ្យ​បាន​ឆាប់ៗ ដើម្បី​កាត់បន្ថយ ការស្លាប់​បាត់បង់​ជីវិត​របស់​ពលរដ្ឋ​ស្លូតត្រង់ និង ជួយ​បង្កើន​សេដ្ឋ​ជាតិ​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ មាន​ប្រទេស​ចំនួន​៣​ដែលមាន​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ខ្ពស់​ជាងគេ​ក្នុងនោះ​មាន កម្ពុជា វៀត​ណា និង​ឡាវ រីឯ​សម្រាប់​ប្រទេស​ថៃ មានការ​ប្រើប្រាស់​តិចជាង​គេ ដោយសារ​ពន្ធអាករ​នៅក្នុង​ប្រទេស​នេះ​ខ្ពស់​រហូតដល់​ទៅ​៨៥​ភាគរយ​ឯ​ណ្ណោះ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *