គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងនៅក្នុងខេត្តរតនគិរី គឺបណ្តាលមកពីកត្តាមនុស្ស យានយន្ត និងផ្លូវថ្នល់

ខេត្តរតនគិរី÷ លោក យឹម ផែន អភិបាលរងខេត្តរតនគិរី និងជាប្រធានអនុគណ:កម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅក្នុងខេត្តរតនគិរី គឺបណ្តាលមកពីកត្តាសំខាន់ៗចំនួនបី ដែលបានសម្លាប់ជនរងគ្រោះអស់ចំនួន ៤០ នាក់ និងបង្កឲ្យជនរងគ្រោះរងរបួសធ្ងន់ស្រាលចំនួន ១៥០ នាក់ ក្នុងរយ:ពេល ១១ ខែ ឆ្នាំ២០១៨នេះ ។

ការលើកឡើងដូចនេះរបស់ លោក យឹម ផែន គឺបានធ្វើឡើងនៅក្នុងឱកាសពិធីបុណ្យអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ ដែលបានប្រារព្ធធ្វើឡើងនៅទីកន្លែងមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តរតនគិរី នាថ្ងៃទី២០ ខែវិច្ឆិកានេះ ។

ថ្លែងក្នុងឱកាសនោះទៀតដែរ អភិបាលរងខេត្តរូបនេះ ក៏បានអំពាវនាវដល់គ្រប់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ក្នុងខេត្តរតនគិរីទាំងអស់ ឲ្យត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ដើម្បីចូលរួមអនុវត្តច្បាប់ ដោយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ជាពិសេសមិនត្រូវបណ្តែតបណ្តោយក្មេងដែលមានអាយុតិចជាង ៦ឆ្នាំ និងលែងសត្វពាហន: ឲ្យដើរនៅលើថ្នល់ជាតិនោះទេ ។

ថ្លែងក្នុងឱកាសនោះផងដែរ លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋាន អនុគណ:កម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏បានបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលអាចកើតឡើងភ្លាមៗក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ។

ប្រធានលេខាធិការដ្ឋាន អនុគណ:កម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរីរូបនេះ ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ ។

បន្ថែមពីនេះ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរូបនេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានអ្នកជិះទោចក្រយានយន្តចំនួន ៨១% ដែលភាគច្រើនចាស់យុវវ័យ បានក្លាយជាជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន ៧៧% មិនបានពាក់មួកសុវត្ថិភាពក្នុងពេលមានគ្រោះថ្នាក់ចរាចរ ៕ ជាយដែន

Loading...