គ្រោះថ្នាក់ចរាចរណ៍​ម៉ូតូបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយដោយករណីនេះកើតឡើងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1F-6179 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានឡើងវ៉ារថយន្តតូយូតាកាម៉េរី មួយគ្រឿងហើយក៏បានជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក កំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូសេ១២៥ រងរបួសធ្ងន់ ចំណែកឯអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក់បានរត់គេចខ្លួន បន្សល់ទុកម៉ូតូនិងរ៉ឺម៉ក នៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា បុរសជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណឈ្មោះ ចាន់ រឿន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ ក្រោយពេលកើតហេតុសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំពោះវត្ថុតាងម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

 

Loading...