គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ស្រវឹងបើករថយន្តកៀររ៉ឺម៉កលក់ដូង ព្យាយាមបើករត់ រួចបន្តបុកម៉ូតូ បើករត់ទៅធ្លាក់ប្រឡាយ នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពី ល្ងាចថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២១ បុរសម្នាក់ស្រវឹងបើករថយន្តឡិចស៊ិសGS300កៀររ៉ឺម៉កលក់ដូងមួយគ្រឿងបណ្តាលឲ្យរងការខូចខាត​ នៅក្នុងបុរីឈូកវ៉ា១​ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ​ ហើយមិនព្រមឈប់ទទួលខុសត្រូវ ក៏ព្យាយាមបើករត់ក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀត​ រួចបន្តបើករត់ទៀតរហូតទៅដល់វត្តពោធិ៍វ័ន​ ក្នុងសង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ ទើបបែកកង់ម្ខាងរេចង្កូតធ្លាក់ប្រឡាយក៏ត្រូវប្រជាពលរដ្ឋនិងសន្តិសុខឃាត់បានភ្លាមៗតែម្តង​ ។

មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករ៉ឺម៉កលក់ដូង​ កំពុងឈប់លក់ដូងឲ្យគេ នៅក្នុងបុរីឈូកវ៉ា១​ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បើករថយន្តឡិចស៊ិសGS 300 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH 1803 បើកមកកៀររ៉ឺម៉កលក់ដូងបណ្តាលឲ្យរងការខូចខាត​សំណាងមិនមានមនុស្សរងរបួសនោះទេ បន្ទាប់មករថយន្តបង្កមិនឈប់ទទួលខុសត្រូវ នោះទេដោយព្យាយាមបើករត់រហូតទៅដល់មហាវិថីឈ្នះឈ្នះ​ ក៏បន្តបុកម៉ូតូPCX មួយគ្រឿងទៀតបណ្តាលឲ្យមនុស្សម្នាក់រងរបួស។

បន្ទាប់មករថយន្តបង្កនៅតែមិនឈប់ទទួលកំហុស​ ហើយព្យាយាមបើករត់​ រហូតទៅដល់ របងវត្តពោធិ៍វ័ន​ សង្កាត់ស្នោរ​ ខណ្ឌកំបូល​ ទើបបែកកង់ម្ខាងរេចង្កូតធ្លាក់ប្រឡាយ ក៏ត្រូវប្រជាពលរដ្ឋនិងសន្តិសុខឃាត់បានភ្លាមៗតែម្តង ៕

Loading...