គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​តៃវ៉ាន់​ស្លាប់​កើន​២៣​នាក់​ និង​បាត់​ខ្លួន​២០​នាក់​

​អាកាសចរណ៍​ស៊ី​វិល​តៃវ៉ាន់​ នៅ​ល្ងាច​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ និង​អាកាសយានិក​ទាំង​៥៨​នាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​នោះ​ គឺ​អ្នក​ស្លាប់​បាន​កើន​ដល់​២៣​នាក់​ និង​២០​នាក់​នៅ​បាត់​ខ្លួន​។​

​អាកាសចរណ៍​ TransAsia​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ 6702.TW​ ដែល​ដឹក​អ្នកដំណើរ​ក្នុងស្រុក​បាន​ដាំ​ក្បាល​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ ភ្លាមៗ​កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​យន្តហោះ​នេះ​បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​តៃប៉ិ​ ឆ្ពោះទៅ​កាន់​ដែន​កោះ​មួយ​ឈ្មោះ​ Kinmen​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ទំនាក់ទំនង​ចុង​ក្រោយ​ដែល​គេ​ថត​សំឡេង​បាន​នៅ​ក្នុង​យន្តហោះ​ អាកាសយានិក​បាន​ស្រែក​ថា​ «​ជួយ​ផង​ ជួយ​ផង​ មាន​ភ្លើង​ឆេះ​ម៉ាស៊ីន​ហើយ​»​ ។​ ភ្លើង​បាន​ឆាបឆេះ​ឡើង​ដោយសារ​តែ​ហៀរ​ប្រេង​ ហើយ​ធ្វើ​ឲ្យ​ម៉ាស៊ីន​យន្តហោះ​មាន​បញ្ហា​ ទើប​ជា​មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​កើតឡើង​តែ​ម្តង​។​

​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​រយៈពេល​ខ្លី​មួយ​ដែល​ថត​បាន​សកម្មភាព​យន្តហោះ​ធ្លាក់​បាន​ឲ្យ​ឃើញ​ថា​ យន្តហោះ​នេះ​បាន​ដាំ​ក្បាល​ចុះ​ទៅ​បុក​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ និង​បុក​ស្ពាន​ មុន​ពេល​បន្ត​ដាំ​ក្បាល​ធ្លាក់​ចុះ​ក្នុង​ទន្លេ​ Keelung​ ដែល​មាន​ចម្ងាយ​ប្រហែល​២៥​ម៉ែត្រ​ពី​មាត់ច្រាំង​។​

​ក្រុម​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់​បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ​ទាំងនោះ​ ។​ អ្នក​ជួយ​សង្គ្រោះ​ស្ម័គ្រចិត្ត​ម្នាក់​ដែល​មានឈ្មោះ​ថា​ Chen​ បាន​និយាយ​ដោយ​ហួសចិត្ត​ថា​ មិន​គួរ​ណា​គ្រោះថ្នាក់​កើតឡើង​ផ្ទួនៗ​មក​លើ​ជើងហោះហើរ​ក្នុង​តំបន់​អាស៊ី​យ៉ាង​ដូច្នេះ​សោះ​ ។​ គ្រោះថ្នាក់​ ខាង​ផ្លូវ​ហោះហើរ​នៅ​តំបន់​អាស៊ី​ បាន​កើតឡើង​ញឹកញាប់​ក្នុង​រយៈពេល​១២​ខែ​កន្លង​មកនេះ​។​

​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​តៃវ៉ាន់​បាន​ប្រកាស​ថា​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​បាន​កើនឡើង​២៣​នាក់​,​ សង្គ្រោះ​បាន​១៥​នាក់​ និង​បាត់​ខ្លួន​២០​នាក់​ ។​

​ប្រទេស​ចិន​បាន​ប្រកាស​ថា​ អ្នក​ទេសចរណ៍​របស់​ខ្លួន​៣១​នាក់​ស្ថិត​នៅ​លើ​យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​នេះ​ផង​ដែរ​។​ នាយក​រដ្ឋមន្ត្រី​ចិន​ លោក​ Li​ Keqiang​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ចិន​នឹង​ជួយ​ដល់​តៃវ៉ាន់​ប្រសិនបើ​មាន​ករណី​ចាំបាច់​ណាមួយ​ពាក់ព័ន្ធ​គ្រោះថ្នាក់​មួយ​នេះ​ ៕​ យ៉ា​ត​ សុមេធ​

TAIWAN-PLANE-ACCIDENT
taiwan-plane-crash-1
B8-TDPdIAAIgp8p

Loading...

Leave a Reply

Your email address will not be published. Required fields are marked *