គ្រោះទឹកជំនន់នៅជប៉ុន បាត់បង់ជីវិតកើន​៥៨នាក់

គ្រោះទឹកជំនន់នៅភាគខាងត្បូង​ប្រទេសជប៉ុន កំពុងតែរាលដាល​ទៅកាន់តំបន់ភាគឦសាន​កាលពីថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២០ ។ តំបន់ជាច្រើនត្រូវជំនន់ទឹកភ្លៀងលិច​ល្ហរល្ហាច បង្កឲ្យបាក់ដី បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ និងបានឆក់យកជីវិត​យ៉ាងតិច​៥៨នាក់ ។

ផ្នែកខ្លះក្នុងទីក្រុង ណាហ្គាណូ (Nagano) និង ហ្គីហ្វូ (Gifu) ឬតំបន់ដែលគេស្គាល់ថា ជាផ្លូវជើងភ្នំ​ប្រកបដោយទេសភាពស្រស់ស្អាតនោះ​ក៏ត្រូវទឹកលិចធ្ងន់ធ្ងរផងដែរ ។

ទឹកជំនន់ និងបាក់ដីនេះ​បានរាំងខ្ទប់ផ្នែកខ្លះ​​នៅលើដងផ្លូវសំខាន់ៗ តភ្ជាប់ពីតំបន់ជ្រលងភ្នំ Kamikochi និងទីក្រុង Matsumoto ។ ពលរដ្ឋ និងអ្នកទេសចរណ៍​រាប់រយនាក់​បានគាំងដំណើរ​ ។ តែយ៉ាងណាក៏ដោយ ពួកគេត្រូវបានជម្លៀសខ្លួនប្រកបទៅរកកន្លែងមានសុវត្ថិភាព​ ។

ប្រភព NHK បានផ្សាយថា គិតមកត្រឹមព្រឹកថ្ងៃទី​៨ ខែកក្កដា ជនរងគ្រោះបាត់បង់ជីវិត​ដោយសារគ្រោះធម្មជាតិនេះ​កើនឡើងដល់​៥៨នាក់ ។ ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំង​ចាប់តាំងពីថ្ងៃចុងសប្តាហ៍​មុនមកម្ល៉េះ ។ តំបន់ដែលរងគ្រោះធ្ងន់ជាងគេនោះ​គឺខេត្ត Kumamoto ។

ពលរដ្ឋរហូតជាង​៣,៦​លាននាក់​ត្រូវបានស្នើឲ្យភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព ទោះបីកន្លែងខ្លះ ការជម្លៀសខ្លួន​មិនស្ថិតក្នុងជម្រើសចាំបាច់ក៏ដោយ ៕

Loading...