គ្រោះទឹកជំនន់​នៅ​ឥណ្ឌូណេស៊ី និង​ទី​ម័​រ​ខាងកើត សម្លាប់​មនុស្ស​កើន​ដល់​១៥៧​នាក់​ហើយ​

​ហ្សា​ការ​តា ៖ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ព្យុះ​ត្រូ​ពិ​ក​ស៊ីក្លូន Seroja នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ទី​ម័​រ​ខាងកើត បាន​កើន​ដល់​១៥៧​នាក់​ហើយ និង​ជាច្រើន​នាក់​ទៀត​បន្ត​បាត់​ខ្លួន​នៅឡើយ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ បាន​បំផ្លិចបំផ្លាញ​កោះ​ជាច្រើន លាតសន្ធឹង​ពី​កោះ Flores នៃ​ប្រទេស​ឥណ្ឌូណេស៊ី រហូតដល់​ប្រទេស​ទី​ម័​រ​ខាងកើត ជាទី​ដែល​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​ត្រូវបាន​ជន់​លិច និង​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយថា​ខ្លួន​បានកត់សំគាល់​ថា​មាន​អ្នកស្លាប់​ចំនួន​១៣០ នាក់ ចំណែក​ប្រទេសជិតខាង​ទី​ម័​រ​មាន​មនុស្ស​២៧ នាក់​ស្លាប់ ។​

​ក្រុម​ស្វែងរក​និង​ជួយសង្គ្រោះ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​កំពុងតែ​ស្វែងរក​មនុស្ស​ជាង ៧០ នាក់​ដែល​កំពុង​បាត់​ខ្លួន ខណៈ​មនុស្ស​ច្រើនជាង ១០,០០០​នាក់​កំពុង​ស្នាក់​ក្នុង​ជំរំ​ស្នាក់នៅ​បណ្ដោះអាសន្ន​៕

Loading...