គ្រោះអគ្គិភ័យដ៏កំណាចឆេះផ្សារក្រុងសែនមនោរម្យ បំផ្លាញអស់២២០ខ្នងផ្ទះ និងតូប, ស្លាប់២នាក់ របួស៣នាក់, សមត្ថកិច្ចប្រើទឹកអស់ជាង២០០រថយន្ដ និងខូចខាតខ្ទង់លានដុល្លារ 

ខេត្តមណ្ឌលគិរី៖ គ្រោះអគ្គិភ័យដ៏កំណាចដែលបានឆាបឆេះផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅពាក់កណ្ដាលយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបំផ្លាញអស់២២០ខ្នងផ្ទះ និងតូបលក់ដូរ នៅក្នុងផ្សារស្ទើទាំងស្រុងតែម្ដង ព្រមទាំងបំផ្លាញជីវិតមនុស្ស២នាក់ នៅក្នុងគំនរភ្លក់ភ្លើង និងរងរបួស៣នាក់ទៀតផង។ នេះបើយោងតាមស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ទំហំនៃការខូចខាតវិញបើទោះបីថា មិនទាន់មានតួលេខច្បាស់លាស់ ប៉ុន្ដែគឺវារហូតទៅដល់ខ្ទង់លានដុល្លារឯណោះ ដោយសារតែតូបនីមួយៗ របស់ក្រុមអាជីវករគឺមានច្រើន ហើយត្រូវបានឆេះបំផ្លាញស្ទើទាំងស្រុងតែម្ដង។

សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យរយៈពេលជាងច្រើនម៉ោងមកនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើរថយន្ដអស់ចំនួន៤គ្រឿង និងមានការជួយអន្ដរាគមន៍ពីស្នងការនគរបាលខេត្តក្រចេះមួយគ្រឿង ហើយបានប្រើប្រាស់ទឹករហូតទៅដល់ជាង២០០ជើង​ឯណោះ។

រហូតមកដល់ល្ងាចថ្ងៃទី១០ ខែកុម្ភៈនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងបន្ដបាញ់ពន្លត់រងើកភ្លើង ខ្លាចក្រែងរីករាលដាលបន្ដទៀត ខណៈដែលមូលហេតុពិតប្រាកដ និងរបាយការណ៍លម្អិត ស្ដីពីទំហំនៃការខូចខាត អាជ្ញាធរ និងសមត្ថកិច្ចជំនាញបាននិងកំពុងបន្ដធ្វើនៅឡើយ។

ពាក់ព័ន្ធគ្រោះថ្នាក់សង្គមដែលធ្វើឲ្យជនរងគ្រោះជាម្ចាស់តូប ជាម្ចាស់ផ្ទះខាតបង់ហួសពីការថ្លែងនោះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានសម្ដែងការសោកស្ដាយយ៉ាងពន់ពេក និងជាថ្មីម្ដងទៀតអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងខេត្ត បង្កើនការប្រុងប្រយ័ត្ននៅរដូវប្រាំងនេះ បញ្ជៀសគ្រោះថ្នាក់សង្គមមួយនេះជាយថាហេតុ។

អាជីវករម្នាក់បាននិយាយថា គ្រាន់តែតូបរបស់លោកមួយនោះ ត្រូវបានខូចខាតប្រហែល៤ម៉ឺនដុល្លារ ដោយសារគ្រោះអគ្គិភ័យមួយនេះ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ហើយធ្វើឲ្យអភិបាលខេត្តមណ្ឌលគិរី​រត់បាតជើងសព្រាត​ ជាមួយសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ផងដែរ​៕

 

Loading...