គ្រោះអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ជាច្រើនខ្នងសារជាថ្មីនៅផ្តុំផ្សារស្នួលបង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តក្រចេះ៖ គ្រោះអគ្គីភ័យនៅតែជាមហន្តរាយមួយគួរឲ្យព្រួយបារម្ភខណះ ដែល អំឡុងពេល៤ថ្ងៃជាប់ៗគ្នានេះ ស្ថានភាពគ្រោះអគ្គីភ័យ នៅតែកើតមានការឆាបឆេះទៅលើ លំនៅឋានតូចធំ របស់ពលរដ្ឋគ្រប់ច្រកល្ហក តាមបណ្តាស្រុកនានាក្នុងខេត្តក្រចេះ ជាបន្តបន្ទាប់គួរឲ្យបារម្ភ។

ក្រោយពីគ្រោះអគ្គីភ័យ បានឆាបឆេះលើផ្ទះគ្រួសារ អ្នកមានទ្រព្យធនសម្បត្តិស្តុកស្តម្ភមួយនៅឃុំសំបុក ស្រុកចិត្របុរី ខាតបង់អស់ជាង១០ម៉ឺនដុល្លារ កាលពីពេលថ្មីៗនេះ ចំណែកនគរបាលមិនទាន់បានកំណត់ថា ផ្តើមចេញពីអ្វីនៅឡើយនោះ គ្រោះអគ្គីភ័យបានកើតឡើងសារជាថ្មីទៀត បានបង្កការឆាបឆេះជាលក្ខណះទ្រង់ទ្រាយធំ ទៅលើលំនៅឋានតូចធំរបស់ពលរដ្ឋ ជាច្រើនខ្នងផ្ទះ នៅម្តុំផ្សារស្នួល ឃុំស្នួល ស្រុកស្នួល និងបានបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ កុម្ភះ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា ស្ថានភាពភ្លើងបានឆាបឆេះមានរយះពេលជិត២ម៉ោងទើបស្ងប់។

ជាមួយគ្នា នោះ លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានដឹកនាំបញ្ជារថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននិងអធិការដ្ឋានដោយប្រើទឹកអស់ជាង៣០ឡាន ជួយបាញ់ ពន្លត់ទប់ស្កាត់និងសង្រ្គោះមិនឲ្យមានការឆាបឆេះរាលដាល។

ក្នុងហេតុការណ៍មហន្តរាយគ្រោះអគ្គីភ័យនេះ បានបង្កឲ្យលំនៅឋានពលរដ្ឋនៅជាប់ៗគ្នា មានចំនួន៦ខ្នងផ្ទះ សុទ្ឋសឹងធ្វើអំពីឈើ បានរងការឆាបឆេះគ្មានសល់។ ចំនែកឯមូល ហេតុនៃការបង្កក៏ដូចជាការប៉ាន់ប្រមាណលើការខាត់បង់ ក៏នៅមិនទាន់បានកំណត់នៅឡើយដែរ។

សាក្សីដែលបានឃើញហេតុការគ្រោះអក្គីភ័យនេះ បាននិយាយថា ដំបូងគេបានឃើញអណ្តាតភ្លើង បានឆាបឆេះចេញពីផ្ទះឈើមួយខ្នង ដែលម្ចាស់បិទទ្វាចាក់សោរ ចោលរយះពេលជាច្រើនខែ ហើយផ្ទះឈើដែលជាផ្ទះបង្កហេតុនេះ មិនមានម្ចាស់ស្នាក់នៅនោះទេ តែកន្លងមកមានមនុស្សចេញចូលទៅដេកនៅខាងក្រោមផ្ទះនោះ។

លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលបន្ទុកអគ្គីភ័យ បានឱ្យដឹងថា មហន្តរាយគ្រោះអគ្គីភ័យ នាដើមឆ្នាំ២០១៧នេះ សម្រាប់ខេត្តក្រចេះ ត្រូវគេមើលឃើញថា កំពុងតែកើតមានគួរឲ្យព្រួយបារម្ភ។

ក្នុងអំឡុងរយះពេល៤ថ្ងៃជាប់ៗគ្នានេះ គ្រោះអគ្គី ភ័យបានឆេះផ្ទះពលរដ្ឋអស់ជាច្រើនខ្នង និងច្រើនកន្លែង រួមមាន ស្រុកចិត្របុរី ស្រុកសំបូរ និងនៅស្រុកស្នួល ៕

Loading...