គ្លីនិក​ផាសុកភាព​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ វះកាត់​អ្នកជំងឺ​ដុំ​ពកដៃ​ស្បូន​ម្នាក់​ស្លាប់

ខេត្តស្វាយរៀង​​​ ៖រឿងរ៉ាវ​ដែល​ខិតខំ​ព្យាយាម​បិទ​បាំង​អស់​រយៈពេល​ជិត​០២​ខែ​មក​នោះ​ ឥឡូវនេះ​ត្រូវ​បាន​បែកធ្លាយ​ហើយ​ ដោយសារ​ក្រុម​គ្រួសារ​ស្ត្រី​អ្នកជំងឺ​រង​គ្រោះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ កាលពីដើម​ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ គ្លីនិក​យីហោ​ ផាសុកភាព​ របស់​លោក​វេជ្ជបណ្ឌិត​ កែវ​ រ​ដ្ឋា​ ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ផង​ បាន​វះកាត់​ស្ត្រី​អ្នកជំងឺ​ដុំ​ពក​(Kyste)​ ក្នុង​ដៃ​ស្បូន​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ ដែល​ប្រតិបត្តិការ​នៃ​ការ​វះកាត់​ប្រព្រឹត្ត​ទៅ​ដោយ​ផ្ទាល់​ដៃ​លោក​វេជ្ជបណ្ឌិត​ កែវ​ រ​ដ្ឋា​ ជា​ម្ចាស់​គ្លីនិក​ និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​តែ​ម្តង​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រោយ​ពេទ្យ​ឯកទេស​ពិនិត្យ​ឃើញ​ថា​ ស្ត្រី​ឈ្មោះ​ សំ​ ឈួ​ន​ អាយុ​៥៤​ឆ្នាំ​ រស់នៅ​ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ មាន​កើត​ជំងឺ​ដុំ​ពកដៃ​ស្បូន​រួច​មក​ ក្រុម​គ្រួសារ​ក៏​បាន​នាំ​អ្នកជំងឺ​ សំ​ ឈួ​ន​ ទៅ​ពិគ្រោះ​ និង​ព្រមព្រៀង​ទទួលយក​សេវា​វះកាត់​នៅ​គ្លីនិក​យីហោ​ ផាសុកភាព​ ឋិត​ក្នុង​ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ក្នុង​តម្លៃ​៤៥០​ដុល្លារ​អា​មេ​រិ​ក​ មាន​លោក​វេជ្ជបណ្ឌិត​ កែវ​ រ​ដ្ឋា​ ជា​ម្ចាស់​គ្លីនិក​ និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ វះកាត់​ផ្ទាល់​ដៃ​តែ​ម្តង​ ។​ លុះដល់​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ត្រី​ជា​អ្នកជំងឺ​ឈ្មោះ​ សំ​ ឈួ​ន​ មាន​អាកា​រៈ​ធ្វើទុក្ខ​មិន​ស្រួល​ក្នុង​ខ្លួន​ ហើយ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​គ្លីនិក​ ផាសុកភាព​ ក្រោយ​ការ​វះកាត់​រួច​ ។​

​ព័ត៌មាន​ពី​សាច់ញាតិ​ស្ត្រី​អ្នកជំងឺ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​មរណភាព​របស់​ស្ត្រី​អ្នកជំងឺ​ឈ្មោះ​ សំ​ ឈួ​ន​ ខាង​ម្ចាស់​គ្លីនិក​ ផាសុកភាព​ បាន​បង្ខំ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្លីនិក​ថា​ នឹង​មិន​មានការ​ប្តឹងផ្តល់​អ្វី​ឡើយ​ ហើយ​គ្លីនិក​បាន​បង្ខិតបង្ខំ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទទួលយក​សំណង​ចំនួន​២.០០០​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​បញ្ចប់​រឿងរ៉ាវ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​រឿងអាស្រូវ​គ្លីនិក​ ផាសុកភាព​ វះកាត់​អ្នកជំងឺ​ដុំ​ពកដៃ​ស្បូន​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត​ កែវ​ រ​ដ្ឋា​ ជា​ម្ចាស់​គ្លីនិក​ឯកជន​យីហោ​ ផាសុកភាព​ និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ផង​ បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ទទួល​សេវាកម្ម​ពិគ្រោះ​ និង​ព្យាបាល​នៅ​គ្លីនិក​ ផាសុកភាព​ ខេត្តស្វាយរៀង​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​លោក​ គង់​ ច័ន្ទ​ខេ​ម​រិ​ទ្ធ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ករណី​បែកធ្លាយ​រឿងអាស្រូវ​គ្លីនិក​ ផាសុកភាព​ របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ ដែល​វះកាត់​អ្នកជំងឺ​ដុំ​ពកដៃ​ស្បូន​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នោះ​ផង​ ៕​

2015_09_01_09_30_13 2015_09_01_09_30_132

Loading...

Leave a Reply

Your email address will not be published. Required fields are marked *