គ.ជ.ប ប្រកាសថា ស្ថានីយវិទ្យុ និងទូរទស្សន៍​ ចំនួន​ ៨ ប្រកាសជួល និង​លក់​ម៉ោង​ឱ្យ​គណបក្ស​នយោបាយ​ ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ស្ថានីយវិទ្យុ និងទូរទស្សន៍​ ចំនួន​ ៨ បានប្រកាសជួល និង​លក់​ម៉ោង ​ឱ្យ​គណបក្ស​នយោបាយ​ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ។ នេះបើតាមសេចសក្តីប្រកាសជូនដំណឹងរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ដែលបានផ្តល់ជូនគ.ជ.ប គិតត្រឹមថ្ងៃទី៥ខែកក្កដានេះ។

យោងតាមគោលការណ៍ សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឲ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដែលចេញពីដោយគ.ជ.ប បានកំណត់ថា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោង ផ្សាយនេះ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនថ្ងៃចាប់ផ្តើមឃោសនា បោះឆ្នោតហើយសេចក្តីជូនដំណឹងនេះ ត្រូវចម្លងជូនមកគ.ជ.ប ចំនួន១ច្បាប់។

សូមជម្រាបថា គណបក្សនយោបាយទាំងអស់ ដែលមានបំណងទិញ ឬជួលម៉ោងសម្រាប់ការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត សូមទាក់ទងទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់ស្ថានីយដោយផ្ទាល់៕

 

 

Loading...