ឃាតកដែលបាញ់សម្លាប់មន្ត្ត្រីនគរបាលត្រូវសមត្ថកិច្ចចម្រុះបាញ់ស្លាប់ពេលជនដៃដល់ព្យាយាមបាញ់តដៃ

ក្រចេះ៖ ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។

រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតដល់ កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៣២ វ ដ វ ន ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ របស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

នៅវេលាម៉ោង ១៧និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លន និងបានបាញ់មកលើសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួនដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។
វត្ថុតាងដកហូតមាន អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម បច្ចុប្បន្នសាកសពបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ចែងតាមនីតិវិធី ៕

Loading...