ឃាតករ​សម្លាប់​ក្មេងប្រុស នៅ​ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ចាប់ខ្លួន​ហើយ

ភ្នំពេញ​: នគរបាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ នេះ បាន​ឃាត់ខ្លួន​ឃាតករ ម្នាក់ ដែល​សម្លាប់​ក្មេងប្រុស ជា ប៊ុនហេង អាយុ​១០​ឆ្នាំ បាន​ហើយ​។ នេះ​បើ​យោងតាម លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ ថ្លែងប្រាប់ មុននេះ​បន្តិច​។​

​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​នេះ កើតឡើង​នៅក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​៣៖៣០​នាទី រសៀល​។​

​ជនសង្ស័យ​ឈ្មោះ អុន ភា​ម៉ុ​ន អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​នេះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហើ​ប​ថា ដោយសារ​ឃាតករ​ខឹង​ជនរងគ្រោះ ដែលជា​ក្មួយ វាយ​ក្បាល ខ្លួន​ដែលជា​ពូ​។​

​មុនពេល​កើតហេតុ​ជន សង្ស័យ និង​កុមារា​រងគ្រោះ ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ផ្លាកលេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុប​គ្នា​ចេញពី​វត្ត​ជ្រោយ​អំពិល​ទៅ​ញាំ​ប្រហិត ពេល​ជិះ​តាមផ្លូវ​កុមារា​រងគ្រោះ​យកដៃ​វាយ ក្បាល​ជនសង្ស័យ​លេង រួច​ជនសង្ស័យ​ប្រាប់ថា កុំ​វាយ ព្រោះ​តំណម រួច​ក៏​ជិះ​ទៅមុខទៀត កុមារា​រងគ្រោះ​វាយ​ក្បាល​ជនសង្ស័យ​លេង​ម្តងទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏​រៀប​គំរោង យក​កុមារា​រងគ្រោះ​សម្លាប់ចោល ក៏​កុហក​កុមារា​រងគ្រោះ​ថា ចុះទៅ​ដក​ក្រអៅឈូក​ហូប រួច​ជិះ​ចូលក្នុង​ដី​ឡូ​តិ៍ ចំណុចកើតហេតុ ជនសង្ស័យ​យកដៃ​វាយ​កុមារា​រងគ្រោះ​មួយ​ដៃ​ចំ​ថ្គាម​ខាងស្តាំ និង​វាយ​ចំ​មុខ​មួយ​ដៃ​ទៀត​ដួល​ផ្កាប់​លើដី​មានទឹក​តិចៗ បណ្តាល​ឲ្យ​ស្លាប់ រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​ត្រលប់​ទៅផ្ទះ​វិញ​។

​រហូតដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ ម៉ោង​១១៖៣០​នាទី ព្រឹក​ប្រជាពលរដ្ឋ​ឃើញ​សព​កុមារា​រងគ្រោះ​នៅ​ចំណុច​កើត ហេតុ​ខាងលើ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច បន្ទាប់មក​ការិយាល័យ​បច្ចេកទេស​-​វិទ្យាសាស្ត្រ​, អង្គការ CPU និង​ឧកញ៉ា​បណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ស្នាម​រហែក​សន្ទះ​អញ្ចាញ ធ្មេញ​ខាងមុខ និង​បាក់ធ្មេញ​ខាងក្រោម​ទាំងសងខាង បញ្ជាក់ថា កុមារា​រងគ្រោះ​ស្លាប់​ដោយសារ​ប៉ះទង្គិច​ផ្ទៃមុខ ធ្ងន់ធ្ងរ​។

​លុះដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​ព្រឹក សមត្ថកិច្ច ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់ រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជនសង្ស័យ តែម្តង​៕​

Loading...