ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ចូលកាប់ឈើនៅតំបន់ក្បែរកន្ទុយនាគ

ខេត្តរតនគិរី​​៖ ក្រុមមន្រ្តីក្រសួងបរិស្ថាន បានចុះប្រតិបត្តិការទៅតំបន់កន្ទុយនាគ ​ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ខណៈពួកគេចូលមកទឹកដីខ្មែរ ត្រង់តំបន់ក្បែរកន្ទុយនាគ ចំណុចបង្គោលសីមាលេខ១០ ដើម្បីកាប់ឈើ ។

មន្រ្តីម្នាក់បាន​ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ថា ជនជាតិវៀតណាមទាំង៤នាក់នោះ ទី១- ឈ្មោះ ដន ង៉ុកតន ភេទប្រុសអាយុ២៤ឆ្នាំ ទី២- ឈ្មោះ ង៉ូ វ៉ាន់ង៉ុក ភេទប្រុសអាយុ៥៨ឆ្នាំ ទី៣-ឈ្មោះ ដាម ឌឹកជុង ភេទប្រុសអាយុ២៥ឆ្នាំ អ្នកទាំង៣មានទីលំនៅខេត្តកន្ទូម និងទី៤- ឈ្មោះ ចិន ង៉ុកវឹង ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅខេត្តយ៉ាឡាយ។

បើតាមមន្រ្តីបរិស្ថាន ពេលនាំខ្លួនជនជាតិវៀតណាម៤នាក់នេះ ដោយភ្ជាប់ជាមួយមធ្យោបាយកាប់ និងដឹកជញ្ជូនឈើ តែដោយសារស្ថានភាពផ្លូវមិនអាចយកមកខេត្តបាន ក៏ត្រូវដុតកម្ទេចចោលនៅកន្លែងនោះតែម្តង ។

លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកជនអន្តោប្រវេសន៍ បានឲ្យដឹងថា រហូតមកដល់ព្រឹកនេះ ជនជាតិវៀតណាមទាំង៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅមន្ទីរបរិស្ថានខេត្តរតនគិរីនៅឡើយ មិនទាន់បញ្ជូនមកនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅឡើយទេ ៕ ជាយដែន

 

Loading...