ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី១៦នាក់និងខ្មែរចំនួន២នាក់ បំពានបម្រាមគោចររបស់រាជរដ្ឋាភិបាល

ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន១៨នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី១៦នាក់មានស្រី ប្រុស និងជនជាតិខ្មែរចំនួន២នាក់ជាតៃកុងរថយន្ត ត្រូវបានគណៈបញ្ជាការឯកភាពស្រុកឧដុង្គ ធ្វើការឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យខាងលើព្យាយាម បំពានបម្រាមគោចររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការឃាត់ខ្លួនមនុស្សទាំង១៨នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ យីហោ (ហេង មានលាភ) ស្ថិតនៅក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់នេះ គឺ ក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកព្រំ វណ្ណៈ អភិបាលរងខេត្ត លោកស្រី ឡុង បូណារ៉េត មន្ទីរសុខាភិបាលខេត្ត កម្លាំងស្នងការនគរបាលខេត្ត បានចុះពិនិត្យ និងរៀបចំនីតិវិធីអនុវត្តច្បាប់(កូវីដ.១៩) លើជនជាតិឥណ្ឌូនេស៊ី ដែលមិនគោរពវិធានការរដ្ឋបាល(ឆ្លងកាត់តំបន់បិទខ្ទប់)។ ក្រុមជនសង្ស័យនេះតាមលិខិតបញ្ជាក់ការធ្វើចត្តាឡីសក័ ចេញដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លទ្ធផលធ្វើតេស្តគឺអវិជ្ជមានទាំងអស់ ហើយត្រូវបន្តស្នាក់នៅរាជធានីភ្នំពញ ដល់ថ្ងៃទី១៩ ខែមសា ឆ្នាំ២០២១ ប៉ុន្តែបានលួចចេញពីរាជធានីភ្នំពេញតាមរថយន្តចំនួន៥គ្រឿង ឆ្ពោះទៅខេត្តបន្ទាយមានជ័យ (ក្រុងប៉ោយបែត) ពេលធ្វើដំណើរដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចហាមឃាត់មិនឲ្យឆ្លងកាត់ ហើយបានដេកលើរថយន្ត១យប់ លុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចូលមកដេកនៅផ្ទះសំណាក់ឈ្មោះ ហេង មានលាភ ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ។ ខណៈដល់ផ្ទះសំណាក់ រថយន្តចំនួន៣គ្រឿង បានត្រឡប់ទៅវិញ នៅសល់តែរថយន្ត២គ្រឿង និងអ្នកបើកបរជនជាតិខ្មែរ២នាក់។ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងអស់នេះហើយ សមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនជនបរទេស សញ្ជាតិឥណ្ឌូនេស៊ីចំនួន ១៦នាក់(ស្រី៤នាក់) ទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចំណែករថយន្ត២គ្រឿង និងអ្នកបើកបរចំនួន២នាក់ បញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីបន្តនីតិវិធី។ និង រៀបចំនិតិវិធីបង់ប្រាក់ពិន័យអន្តរការណ៍ តាមមាត្រា១០ នៃច្បាប់កូវីដ ជាទឹកប្រាក់ ១ ២០០ ០០០រៀល ក្នុង១នាក់ ទៅគណនីរដ្ឋបាលខេត្ត៕

Loading...