ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន០១កញ្ចប់ធំ និងអាវុធខ្លី០១ដើម

ខេត្តបាត់ដំបង! កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការនៃស្នងការដ្ឋាននគបាលខេត្ត​បាត់ដំបង​ ក៏ដូច​ជាមតិណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារគ្រឿង​ញៀន​ ជាក់ស្តែងនៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងក្រុងបាត់បំបងចុះនៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ និងបានធ្វើការបង្ត្រាបករណីជួញដូរ​ រក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ ល្មើសជាក់​ស្តែង។

លោកបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ប៊ុន​ សារិនកក្កដា ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិវត្តលៀប​ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង​។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១ថង់ ទម្ងន់ ១០០,១៨ក្រាម
-អាវុធខ្លីចំនួន០១ដេីម ប្រេីហ្កាសបាញ់គ្រាប់កង់
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-សៀវភៅបញ្ជីសម្រាប់ទូទាត់ចំនួន០១ក្បាល
-ដែកកេះចំនួន០២ និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានកម្លាំងការិយាល័យជំនាញកំពុងសាកសួរ​ស្រាវជ្រាវនិងរៀបចំបញ្ជូនបន្តទៅតុលាការដេីម្បី​ចាត់ការតាមផ្លូវច្បាប់៕ 

Loading...