ឃាត់ខ្លួនបុគ្គលិកផ្នែកគណនេយ្យពីបទ”លួចលុយក្រុមហ៊ុនជាង១០ម៉ឺនដុល្លារ”

ភ្នំពេញ៖ ជនង្ស័យជាស្រ្តី០២នាក់បុគ្គលិកផ្នែកគណនេយ្យបំរើការងារនៅក្នុងក្រុមហ៊ុនអាល់ ហ្វា ប្រូផឺធី ខោនស្រ្តាក់សិនស្ថិតនៅក្រុមទី៩ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបាននគរបាលខណ្ឌបឹងកេងកងចាប់ឃាត់ខ្លួនកាលពីថ្ងៃ១៣ ខែមករា ឆ្នាំ២០២១ អនុវត្តតាមបណ្តឹងរបស់ក្រុមហ៊ុនប្តឹងចោទប្រកាន់ពីបទរំលោភទំនុកចិត្ត(លួចលុយក្រុមហ៊ុនក្នុងកុងធនាគារជាង១០ម៉ឺនដុល្លា)។

សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឱ្យដឹងថា ជនសង្ស័យដែលរងការចាប់ខ្លួនបានលួចលុយក្នុងកុងធនាគារក្រុមហ៊ុនសរុប១២ម៉ឺន២ពាន់ដុល្លា។ជនសង្ស័យ១,ឈ្មោះ ចាន់ វុធសីហា អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៤៥ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញជនសង្ស័យរូបនេះលួចលុយចំនួន១០ម៉ឺន៥ពាន់ដុល្លារ ២,ឈ្មោះ វង្ស សៀកឡេង អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ១៨៤Z ភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញជនសង្ស័យលួចលុយ១ម៉ឺន៧ពាន់ដុល្លារ។

សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឱ្យដឹងទៀតថា កាលពីអំឡុងឆ្នាំ២០១៦ ជនសង្ស័យទាំង០២នាក់ បានចូលបំរើការងារនៅក្នុងក្រុមហ៊ុនអាល់ ហ្វា ប្រូផឺធី ខោនស្រ្តាក់សិន ខណៈដែលជនសង្ស័យបំរើការងារដល់ឆ្នាំ២០១៧ ក៏បានលួចដកលុយរបស់ក្រុមហ៊ុនដែលបានយកទៅដាក់ក្នុងធនាគារជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២០ ។លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនស្រាវជ្រាវថាបានបាត់លុយក្នុងធនាគារក៏ហៅជនសង្ស័យទាំង០២នាក់មកសាកសួរ បន្ទាប់មកជនសង្ស័យទាំង០២នាក់ឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចដកលុយរបស់ក្រុមហ៊ុនពិតប្រាកដ ទើបខាងក្រុមហ៊ុនបានប្តឹងសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់។ជនសង្ស័យទាំង២នាក់ក៏ត្រូវបាននគរបាលខណ្ឌបឹងកេងកងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Loading...