ឃាត់ខ្លួនបុរសជាតិឡាវម្នាក់ដកហូតថ្នាំញៀនបានមានទម្ងន់ជាងប្រាំគីឡូក្រាមនៅខេត្តស្ទឹងត្រែង!

ខេត្តស្ទឹងត្រែងៈបុរសជាតិឡាវម្នាក់រួមជាមួយថ្នាំញៀន៥កញ្ចប់ធំដែលគេប៉ាន់ប្រមាណថាមានមិនក្រោមពី៥គីឡូក្រាមនោះបានរងការឃាត់ខ្លួននិងដកហូតបានពីមន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យអប់រំផ្សព្វផ្សាយ « ក៩ » ក្រសួងមហាផ្ទៃ ដោយសហការណ៍ជាមួយមន្ត្រីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង។ ការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនោះ គឺបានធ្វើឡើងនៅម៉ោង១រសៀល ថ្ងៃ២២កក្កដា២០១៧នេះ នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត លោកវរៈសេនីយ៍ទោ ចែម ផានិត បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅពេលនេះ មានឈ្មោះចាក់លី ចឺតាលី អាយុ២២ឆ្នាំ ជាជនជាតិឡាវ រស់នៅភូមិ ណងសងហង ស្រុកសៃថានី ក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ចំណេក វត្ថុតាងដែលដកហូតបាន គឺមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណ៌សថ្លា « Ice » ចំនួន៥កញ្ចប់ធំស្មើនិង៤៩៧៧.៨គីឡូក្រាមក្រោយដកសំណាកចេញ។

លោកថា ក្រោយការឃាត់ខ្លួន និងដកហូតយកវត្ថុតាងនោះរួច ជនសង្ស័យ និងថ្នាំញៀន ត្រូវបានបញ្ជូនមកកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំឯកសារបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ឡុងកាន់សំនៀង

 

Loading...