ឃាត់ខ្លួនមនុស្ស ៥នាក់ ដែលបន្លំខ្លួនជាឯកឧត្តម ដើរបោកលុយ ប្រជាពលរដ្ឋក្រីក្រ

ខេត្តក្រចេះ ៖ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកស្នួល ឃាត់ខ្លួន ពីករណីឆបោក និងករណីជ្រៀតជ្រែក ដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ នៅចំណុចគីឡូម៉ែត្រ១១៥ ក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ និងចំណុចត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង ៥នាក់ រួមមាន ទី១-ឈ្មោះ ជឹម សំណាង ហៅ គង់សុជាតិ ជាមេខ្លោង ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតេជោ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ ស៊ីវ សុថន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ទី៣-ឈ្មោះ សៃ យ៉ង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិស្ទៀង រស់នៅភូមិត្រពាំងស្រែ យុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ទី៤-ឈ្មោះ គី ហេម ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិស្ទៀង រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ទី៥-ឈ្មោះ ខាត់ ឡិ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិស្ទៀង រស់នៅ ភូមិត្រពាំងស្រែ។

លោក គង់ គឹមនី អភិបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់នេះ ឈ្មោះ ជឹម សំណាង ហៅ គង់ ជាតិ ជាមេខ្លោង តាំងខ្លួនជាឯកឧត្តម ហើយពួកគេ បានកៀងគរប្រជាពលរដ្ឋ មកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមកពីខេត្តផ្សេងៗទៀត ឲ្យមកនៅស្រុកស្នួល ដោយពួកគេ បានអះអាងថា មានដីចំនួន ៥០០០ហិកតា សម្រាប់ចែកជួន ប្រជាពលរដ្ឋទាំងនោះ។ ពលរដ្ឋដែលពួកគេឆបោកលុយ មានចំនួន ៤០០នាក់ អ្នកខ្លះអស់លុយចំនួន ២០០០០រៀល ៣០០០០រៀល ៥០០០០រៀល រហូតដល់ ១០០០០០រៀល ដោយលេសថា ពួកគេយកលុយទៅរត់ការ សុំប័ណ្ណកាន់កាប់ដី ពីប្រមុខរដ្ឋាភិបាល ជូនប្រពលរដ្ឋ។

លោកបានបន្តទៀតថា ជនសង្សយ័ទាំងនេះ ជាមុខសញ្ញាដែលអាជ្ញាធរ តាមដានយូហើយ តែមិនទាន់មានភស្ដុតាង ទើបតែពេលនេះ មានភស្ដុតាងគ្រប់គ្រាន់ ឈានដល់ការចាប់ខ្លួន ពូកគេ។ បច្ចុប្បន្នជនសង្ស័យ ទាំង ៥នាក់ ត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ កាត់ទោស តាមផ្លូវច្បាប់ ពីបទឆបោក និងករណីជ្រៀតជ្រែក ដោយខុសច្បាប់ ក្នុងការបំពេញ មុខងារសាធារណៈ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *