ឃាត់ខ្លួនម្ចាស់វិទ្យុ និងគេហទំព័រ «រិទ្ធិសែន» នៅខេត្តកំពង់ឆ្នាំង មកសួរនាំពីបទផ្សាយញុះញង់ឲ្យពលរដ្ឋទន្ទ្រានយកដីរដ្ឋ

(កំពង់ឆ្នាំង)៖  នគរបាលបានឃាត់លោក សុខ ឧត្តម ម្ចាស់វិទ្យុ FM99.75 នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រ «រិទ្ធិសែន» មកសួរនាំពាក់ព័ន្ធការផ្សាយព័ត៌មាន ញុះញង់ឲ្យប្រជាពលរដ្ឋទន្ទ្រានយកដីរបស់រដ្ឋ។ នេះបើតាមការបញ្ជាក់ពីលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ទោ ខូវ លី កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

លោកឧត្តមសេនីយ៍ទោ ខូវ លី មានប្រសាសន៍ថា កម្លាំងនគរបាលជំនាញមិនទាន់បញ្ចប់ការសួរនាំ លោក សុខ ឧត្តម នៅឡើយទេ ហើយក៏មិនទាន់អនុញ្ញាតឲ្យបុគ្គលរូបនេះ ត្រឡប់ទៅផ្ទះវិញដែរ ពោលត្រូវបន្ដសួរនាំនៅ ថ្ងៃទី១៤ខែឧសភាបន្ថែមទៀត ពាក់ព័ន្ធអ្វីដែលលោកបានផ្សព្វផ្សាយជាសាធារណៈនាពេលកន្លងទៅ។

សូមជម្រាបថា សមត្ថកិច្ចចាប់លោក សុខ ឧត្តម ខាងលើនេះបន្ទាប់ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ «រិទ្ធិសែន»កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០។

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានអះអាងថា ការសម្រេចលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណទាំងពីរខាងលើ បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្ដិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការរំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់នៅក្រសួងព័ត៌មាន៕

Loading...