ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ២ នាក់ ដកហូត​ម៉ូតូ​ពាក់ព័ន្ធ​ចំនួន ១៩ គ្រឿង នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ ៖ កំលាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស ស្រី ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​លួច និង​ទទួលផល​ចោរកម្ម (​លួច​ម៉ូតូ​) រួម​ដកហូត​បាន​ម៉ូតូ ដែល​សង្ស័យ មាន​ភាពមិនប្រក្រតី ក្នុង​ហាង​បញ្ចាំ​មួយ ស្ថិតនៅ​ម្តុំ ឧតុនិយម ក្រុមទី​២៦ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ចំនួន ១៩ គ្រឿង កាលពី​រសៀល ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១​។​

​មន្ត្រីនគរបាល ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​អគារ​ចិន ក្នុង​ក្រុមទី​៤ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ចូល​បរិវេណ​អគារ​លួច​យក​ម៉ូតូ ចំនួន ២ គ្រឿង (​ម៉ូតូ​ម៉ាក AIR BLADE ពណ៌​ក្រហម ខ្មៅ គ្មាន​ស្លាក​លេខ ១​គ្រឿង និង​ម៉ាក VISION ពណ៌​ស្ករ គ្មាន​ស្លា​កល​ខេ ១​គ្រឿង​) កាលពី​យប់​ថ្ងៃទី​៤ ខែមេសា កន្លងទៅ​។ បន្ទាប់ពី​ទទួល​បណ្តឹង របស់​ជនរងគ្រោះ ឈ្មោះ ឆេន ឆាត ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិក​សន្តិសុខ​ឯកជន ស្នាក់នៅ​កន្លែងកើតហេតុ ខាងលើ កម្លាំង​នគរបាល​ជំនាញ បានធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​តាម​ម៉ាស៊ីន​ចាប់​រូបភាព អាច​កំណត់​បាន​អត្តសញ្ញាណ ជនសង្ស័យ ទើប​ឈានដល់​ធ្វើការ​ចាប់ខ្លួន​។​

​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ ខាងលើ កាលពី​យប់មិញ ពិតប្រាកដ​មែន ហើយ​ម៉ូតូ ដែល​លួចបាន​យកទៅដាក់​បញ្ចាំ​ឲ្យ​គេ ។​

​ក្រោយពី​បាន​សុំ​គោលការណ៍ ពី​ថ្នាក់ដឹកនាំ កម្លាំង​ជំនាញ បាន​បន្ត​តាម​នីតិវិធី ចុះទៅ​ធ្វើ ការឆែកឆេរ នៅក្នុង​ហាង​ទទួល​បញ្ចាំ ក៍​ឃើញ​ម៉ូតូ​ដូចខាងលើ នៅក្នុង​ហាង ដែលមាន​ម្ចាស់ ឈ្មោះ សោម សំណាង ភេទ​ស្រី អាយុ ២៨ ឆ្នាំ និង​បន្តធ្វើ​ការត្រួតពិនិត្យ រកឃើញ​ម៉ូតូ ចំនួន ១៩ គ្រឿង​ទៀត ដែល​ម្ចាស់​ហាង ទទួល​បញ្ចាំ ដោយ​គ្មាន​លិខិតបញ្ជាក់​ពី​អត្តសញ្ញាណ ម៉ូតូ​ត្រឹមត្រូវ ហើយ​សមត្ថកិច្ច ក៏បាន​ដកហូតយក​មកកាន់​អធិការដ្ឋាន នគរបាល​ក្រុង ព្រះសីហនុ ជា​បណ្តោះអាសន្ន រួមមាន​: -​ម៉ាក Honda AiR BLADE ចំនួន​៣​គ្រឿង , -​ម៉ាក HONDA. C125 ចំនួន​៣​គ្រឿង​, -​ម៉ាក Honda WAVE ចំនួន​៣​គ្រឿង​, -​ម៉ាក Suzuki NEX ១​គ្រឿង -​ម៉ាក Honda SCOPY ចំនួន​៣​គ្រឿង​, -​ម៉ាក Honda ZOOMER ចំនួន​២​គ្រឿង , -​ម៉ូតូ ViSiON ចំនួន​២​គ្រឿង​, -​ម៉ូតូ LAP ១​គ្រឿង , -​ម៉ូតូ LEAD ១​គ្រឿង ,-​ម៉ូតូ SiRiUS ១​គ្រឿង -​ម៉ូតូ EXCTER ១​គ្រឿង -​ម៉ាក Suzuki SMASH.V ១​គ្រឿង និង​ម៉ាស៊ីន​កែច្នៃ​ធ្វើ​សោរ​ម៉ូតូ ១​គ្រឿង​។​

​ជនសង្ស័យ ២​នាក់​នេះ មានៈ ១-​ឈ្មោះ អោ​ង ណា​ង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ (​ជនដៃដល់​) និង​២-​ឈ្មោះ សោម សំណាង ភេទ​ស្រី អាយុ ២៨ ឆ្នាំ ជា​អ្នកទទួល​បញ្ចាំ ផល​នៃ​អំពើ​លួច ។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ កម្លាំង​ជំនាញ កំពុង​បន្ត​តាម​នីតិវិធី​បញ្ចូនទៅ សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់ ៕

Loading...