ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៣០ កែងនិងផ្លូវលេខ ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្រ្តីម្នាក់កំពុងជិះម៉ូតូ
តាមផ្លូវមិនបានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួនទៅដល់ផ្លូវភ្នំពេញ-ហាណូយ ខណ្ឌសែនសុខ ក៏ជ្រុលទៅបុករថយន្តបណ្តាលឲ្យដួលត្រូវបានសមត្ថកិច្ចខណ្ឌក្របួចបាន២នាក់ ។
ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមមាន ៖ ទី១ ឈ្មោះ ទន់ ប្រុសពៅ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ(ជាអ្នកឆក់)
និងទី២ ឈ្មោះ មួន ម៉េង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលលេខ៤ ផ្លូវលំ ខណ្ឌពោធិ៍សែនជ័យ(អ្នកបើកម៉ូតូ)។
មុនពេលកើតហេតុគេឃើញស្រ្តីជាជនរងគ្រោះជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរ
តាមបណ្តោយផ្លូវលេខ២៣០ កែងនិងផ្លូវលេខ២៥៣ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០២១មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1R-4250 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣០ ទៅជិះអែបស្រ្តីជនរងគ្រោះរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទតែមិនបានសម្រេច ក៏ត្រូវបាន សមត្ថកិច្ចជិះម៉ូតូល្បាតក្នុងមូលដ្ឋានប្រទះឃើញក៏ដេញតាមពីក្រោយធ្វើឲ្យជនសង្ស័យទាំង២
នាក់ព្យាយាមជិះម៉ូតូគេចខ្លួនរហូតដល់ទឹកដីខណ្ឌសែនសុខទើបកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក
បានបោះដៃតាមអាយឌីឲ្យសមត្ថកិច្ចខណ្ឌសែនសុខជួយស្ទាក់។ដោយជនសង្ស័យទាំង២នាក់នោះភ័យស្លន់ស្លោពេកបានជិះម៉ូតូទៅបុករថយន្តបណ្តាលឲ្យដួល
ត្រូវសមត្ថកិច្ចចាប់វាយខ្នោះដឹកយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ ៕