ឃាត់រថយន្តស្លាកលេខខ.ម ដឹកជញ្ជូនសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាលដែលលួចនាំចូលមកពីប្រទេសថៃ គោលបំណងចេញយកទៅលក់នៅរាជធានីភ្នំពេញ

សៀមរាប.កម្លាំងគណៈបញ្ជាការ​ឯកភាពនៃរដ្ឋបាលស្រុកប្រាសាទបាគង កាលពីវេលាម៉ោង១២:៣០​នាទី​ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះ បានសហការណ៍ជាមួយកំលាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានធ្វើការឃាត់​​ រថយន្តសង្ស័យ ០១គ្រឿង ម៉ាកឡង់គ្រីស័រពណ៍ត្រេអ៊ីប៉ារា​ ពាក់ស្លាកលេខ ខម2-6158 ព្រមទាំងអ្នកបើកបរ​និងអ្នក​រួមដំណើរសរុបចំនួន០២នាក់ នៅចំណុចភូមិជ្រៃ​ ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ ដើម្បីធ្វើការត្រួតពិនិត្យ​ និងបានរកឃើញមានការដឹកជញ្ជូនសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាលដោយខុសច្បាប់។

បន្ទាប់ពី បាន​សាកសួរ​ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ​លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ​ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានធ្វើ​កំណត់ហេតុ​ និងប្រគល់បន្តជូន ខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បី ចាត់ការ​ បន្តតាមនីតិវិធីនៃច្បាប់។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុកប្រាសាទបាគង សូមធ្វើការកោតសរសើរ​ នឹងលើកទឹកចិត្ត​ ឲ្យកងកម្លាំងទាំងអស់​ បង្កើនសកម្មភាព បង្ការ​ បង្ក្រាបនិងទប់ស្កាត់ បទល្មើសប្រភេទនេះ និងបទល្មើសផ្សេងៗទៀត​ អោយដូចភ្លៀងរលឹម​ កុំអោយកើតមានក្នុងមូលដ្ឋានយើង៕

Loading...