ឃុំខ្លូនលោកអាំង មាលតីនៅពន្ធនាគារខេត្តកណ្តាល

ខេត្តកណ្ដាល ៖សាលាដំបូងខេត្តកណ្ដាលសម្រេចឃុំខ្លូនលោកអាំង មាលតីនៅពន្ធនាគារខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៦ខែសីហា។
អ្នកសារព័ត៌មានជាច្រើនស្ថាប័នដែលរង់ចាំតាំងពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ រហូតដល់វេលាម៉ោងជិត២រសៀល ពុំអាចផ្តិលយករូបភាពលោក អាំង មាលតី បានទេ។
ដោយសារសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បើករថយន្តចូលតាមច្រកទ្វារខាងក្រោយ ជាមួយការហាមឃាត់ដាច់ខាត មិនឱ្យមានការថតរូប សមត្ថកិច្ចព្រមានចាប់ខ្លួនអ្នកកាសែត ប្រសិនបើនៅព្យាយាមថតរូបមិនស្តាប់តាមការណែនាំ អ្នកសារព័ត៌មាន សម្ដែងការខកចិត្តយ៉ាង ចំពោះការទង្វើបែបនេះ ។
លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធរឿងស៊ីសំណូករថយន្តម៉ាកអូឌីតម្លៃជាង១០ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងមេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ ថាវ ថាវី ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ថ្លែងថា លោក អាំង មាលតី គឺមានការពាក់ព័ន្ធនឹងអំពើពុករលួយដែលសម្រេចឱ្យឈ្មោះ ថាវ ថាវី មេខ្លោងជួញដូរគ្រឿងញៀន នៅក្រៅឃុំបណ្តោះអាសន្ន ជាថ្នូរនឹងការទទួលយករថយន្ត ម៉ាកអូឌីមួយគ្រឿង ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា លោក អាំង មាលតី មានតម្រុយពិរុទ្ធភាពពីបទវីតិក្រម ។

យោងតាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ ឃើញថា លោក អាំង មាលតី អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំទី៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់មែន ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *