ឃុំខ្លួនថៅកែដេប៉ូស្រាបៀរ Ganzberg ប្រចាំខេត្តបន្ទាយមានជ័យ ក្នុងគុកសិន កុំឲ្យវាយប្រពន្ធទៀត

បន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់តាម Telegram របស់លោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកា សម្រេចបង្គាប់ឲ្យខ្លួនជនត្រូវចោទឈ្មោះ ថែម ហ៊ាង ដែលជាថៅកែដេប៉ូចែកចាយស្រាបៀរ Ganzberg ប្រចាំខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារកាលពីថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោកព្រះរាជអាជ្ញារង សេង គីមទ្បាក់ ជាតំណាងអយ្យករ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ ថែម ហ៊ាង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ថៅកែដេប៉ូចែកចាយស្រាបៀរ Ganzberg ប្រចាំខេត្តបន្ទាយមានជ័យ ពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ប្រព្រឹត្តកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យោងតាមមាត្រា ២២២ ក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា រឿងរ៉ាវ វាយដំប្រពន្ធពីសំណាក់ជនត្រូវចោទខាងលើនេះ បានបែកធ្លាយជាសាធារណ: កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅពេលដែលស្រីជាប្រពន្ធឈ្មោះ សៀង សុវណ្ណារី បានផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក រៀបរាប់ទាំងទឹកភ្នែក ជាមួយនឹងការបង្ហាញស្នាកស្នាមជាំភ្នែក បែកមាត់ និងកន្លែងមួយចំនួនទៀត ដែលត្រូវប្តីវាយ និងបានថ្លែងថា នាងបាននាំកូនរត់គេចខ្លួនព្រោះប្តីនាង គំរាមសម្លាប់។

ភ្លាមៗក្រោយពីទទួលបានដំណឹងអំពើរឿងរ៉ាវអំពើហិង្សាខាងលើនេះ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

 

Loading...