ឃុំខ្លួន​មន្ដ្រី​យោធា​ម្នាក់ ក្រោយ​បាញ់​កម្មករ បណ្ដាល​ឲ្យ​ស្លាប់​

រតនគិរី​៖ នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ តុលាការ​ខេត្ដ រតនគិរី បានសម្រេច​ឃាត់ខ្លួន មន្ដ្រី​យោធា​ម្នាក់ បន្ទាប់ពី​ប៉ូលិស​បញ្ជូន​សំណុំរឿង ទៅដល់​ដៃ​។​

​មន្ដ្រី​យោធា​នោះ មានឈ្មោះ លី ថេ​ង​ជាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​របរ ជាម​ន្ដ្រី​យោធា និង​ជា​ម្ចាស់​ចម្ការកៅស៊ូ មួយកន្លែង ដែលមាន​ទីតាំង នៅ​ភូមិ​គង់​យុគ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្ដ​រតនគិរី​។ ឯ​ជនរងគ្រោះ​មានឈ្មោះ រឹម ចន្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ជៀ​ជ័រកៅស៊ូ នៅ​ទីតាំង ដូចខាងលើ​។​

​គួររំលឹកថា កាលពី​រសៀល ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​ផ្ទុះអាវុធ ជាច្រើន​គ្រាប់ នៅ​ចម្ការកៅស៊ូ មួយកន្លែង ក្នុងស្រុក​អូយ៉ាដាវ ដោយ​ពុំមាន​មូលហេតុ​។​

​លោក សូ​យ សំណាង អធិការ​ប៉ូលិស ស្រុក​អូរ​យ៉ា​ដាវ បាន​ប្រាប់​អ្នកយកព័ត៌មាន ឲ្យ​ដឹងថា ការផ្ទុះអាវុធ​នោះ គឺ​មន្ដ្រី​យោធា​ម្នាក់ ដែលមាន​ឈ្នោះ​ដូចខាងលើ បាន​បាញ់ កម្មករ ចំនួន ៣ គ្រាប់ គឺ​ចំ​ឆ្អឹងជំនី ខាងស្ដាំ​២​គ្រាប់ និង​ចំ​ភ្លៅ​ខាងស្ដាំ ១​គ្រាប់​។​

​លោក​អធិការ បាន​បញ្ជាក់ថា ភ្លាមៗ​នោះ កម្លាំង​ប៉ូលិស​ស្រុក បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ ហើយ​បាន​ប្រញាប់ ដឹក​ជនរងគ្រោះ ទៅកាន់​មណ្ឌល​សុខភាព ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​សង្គ្រោះ ប៉ុន្ដែ​គេ​បាន​ស្លាប់ មុនពេល​ទៅដល់ មន្ទីរពេទ្យ ដោយសា​រងរបួស​ធ្ងន់​ធ្ង​រ​។ ពេល​ជាមួយគ្នា​នោះ ជនដៃដល់ ត្រូវបាន​ឃាត់ខ្លួន រួម​នឹង​អា​វុ​ខ្លី ១ ដើម រថយន្ដ​មួយគ្រឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។​

​មន្ដ្រីប៉ូលិស​ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​រតនគិរី បាន​ឲ្យ​ដឹងថា ក្រោយពី​សាកសួរ ជនដៃដល់ ឈ្មោះ លី ថេ​ង​ជាង រួច​បាន​បញ្ជូន​ខ្លួន រួម​នឹង​វត្ថុតាង ទៅ​តុលាការ ហើយ​កាលពី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ នេះ​។​

​មន្ដ្រី​តុលាការ​ម្នាក់ បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ លី ថេ​ង​ជាង ដែល​បាញ់​កម្មករ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នោះ ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន ជា​បណ្ដោះអាសន្ន ដើ​ម្បើ​បើក​ការស៊ើបអង្កេត​បន្ថែម​៕

Loading...