ឃើញដេកអត់ខ្ទាស់ទ្វារ បុរសម្នាក់ សំរុកចូលប្រុងរំលោភ តែប្អូនស្រីរងគ្រោះស្ទុះចេញពីបន្ទប់ទឹកជួយទាន់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ឃើញស្រីរងគ្រោះដេកអត់ខ្ទាស់ទ្វារ បន្ទប់ក៏ស្ទុះទៅប៉ុនប៉ងរំលោភ តែត្រូវប្អូននារីរងគ្រោះឃើញ ក៏ស្រែកឆោឡោ ជនសង្ស័យក៏រត់ទៅយកកាំបិតប្រុងចាក់សម្លាប់ សំណាងត្រូវបានអ្នកជិតខាងជួយទាន់។ហេតុការណ៍នេះកាលពីម៉ោងប្រមាណ១៨និង៣០នាទីយប់ ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ឡុង រតនា អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិសង្កាត់សង្កាត់ខាងលើ។

ជនរងគ្រោះឈ្មោះ ថាន់ លិប ភេទស្រី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលនៅភូមិ-សង្កាត់កើតហេតុខាងលើជាមួយប្អូនស្រីម្នាក់ទៀត ។ចំណែកជនសង្ស័យស្នាក់នៅបន្ទប់ជួលក្បែរគ្នា រំលងប្រហែល២០ម៉ែត្រ។

មុនពេលកើតហេតុ ជនរងគ្រោះដេកចុចទូរស័ព្ទលេងក្នុងបន្ទប់ ដោយមិនខ្ទាស់ទ្វារទេ។ ឃើញឱកាសល្អ ជនសង្ស័យបានស្ទុះចូលទៅក្នុងបន្ទប់បំណងចាប់រំលោភនារីរងគ្រោះ។ តែពេលនោះ ប្អូនស្រីជនរងគ្រោះចេញពីបន្ទប់ទឹកឃើញ ក៍ស្រែកឆោឡោ ហើយជនរងគ្រោះក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យ ហើយជនសង្ស័យបានស្ទុះចេញទៅបន្ទប់របស់ខ្លួនយកកាំបិតមកបម្រុងចាក់សម្លាប់ តែត្រូវនារីរងគ្រោះ និងប្អូនស្រីនាំគ្នាស្រែកបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាមកចាប់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង៕

Loading...