ឃ្លាំងរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់​ មានរហូតដល់ទៅ១០២០គីឡូក្រាម ដែលពីមុនមានត្រឹមតែ​៣៧២គីឡូក្រាម

អ៊ីរ៉ង់ បានដុតដៃដុតជើងទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ១៩ ដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់គំនាបដល់អាមេរិក ឲ្យលើកលែងទណ្ឌកម្មដល់ប្រទេសនេះ ដើម្បីទប់ស្កាត់ការឆ្លង នៃវីរុសផ្លូដង្ហើម។ បច្ចុប្បន្នអ៊ីរ៉ង់មានអ្នកឆ្លងជាង​១ម៉ឺននាក់ និងស្លាប់ជិត​១ពាន់នាក់ហើយ។

ក្នុងពេលជាមួយគ្នាដែរ អង្គការត្រួតពិនិត្យ​ថាមពលបរមណូអន្តរជាតិ IAEA  បានប្រកាសថា អ៊ីរ៉ង់បានបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម កើនឡើង រហូតដល់ទៅ​៣ដង​ ក្នុងរយៈពេល​៣ខែកន្លងមក។ នេះជាការបំពានដល់​កិច្ចព្រមព្រៀង និងការសន្យារបស់អ៊ីរ៉ង់។

បើតាមការលើកឡើងរបស់ IAEA បានឲ្យដឹងថា រហូតមកទល់ពេលនេះ ឃ្លាំងរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់​ មានរហូតដល់ទៅ១០២០គីឡូក្រាម ដែលពីមុនមានត្រឹមតែ​៣៧២គីឡូក្រាមប៉ុណ្ណោះ។ ដោយ​សារតែសារធាតុអ៊ុយរ៉ានីញ៉ូមមានច្រើនបែបនេះ អ៊ីរ៉ង់អាចនឹងផលិតគ្រាប់បែកបរមាណូ ក្នុងពេលដ៏ខ្លីខាងមុខនេះ​។

ការចោទប្រកាន់របស់​ IAEA ​នេះ នឹងធ្វើឲ្យអ៊ីរ៉ង់ ប្រឈមនឹងការពិបាក ហើយមិនអាចរួចផុតពីទណ្ឌកម្មរបស់អាមេរិក និងអង្គការសហប្រជាជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រទេសនេះ ទប់ទល់ជាមួយ​ជំងឺឆ្លងកូវីដ១៩។ កត្ដាទាំងនេះ អាចធ្វើឲ្យអ៊ីរ៉ង់ ​ប្រឈមនឹងវិបត្តិកាន់តែខ្លាំងឡើងថែមទៀត​៕

Loading...