ង៉ែត រុំ មន្ត្រីអាវុធហត្ថស្រុកបន្ទាយមាស ជាខ្នងបង្អែកសង្វៀនប្រជល់មាន់ និងជាឈ្មួញនាំគោទៅយួន

ខេត្តកំពតៈ ក្រុមប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ បានចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថមួយរូប ថា ជាអ្នកកាងការពារសង្វៀនជល់មាន់មួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិត្នោតចុងស្រង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស និងក៍ជាឈ្មួញនាំគោចេញទៅកាន់ប្រទេសយួនផងដែរ ដោយពុំមានអ្នកណាហ៊ានប៉ះពាល់ឡើយ ។

តាមសេចក្ដីរាយការណ៍ថា ឈ្មោះ ង៉ែត រុំ ដែលជាមន្ត្រីកងរាជអាវុធហត្ថ ត្រូវបានគេឃើញចេញចូលទៅក្នុងទីតាំងជល់មាន់នោះ ក្នុងឋានៈជាអ្នកទទួលខុសត្រូវការពារសុវត្ថិភាពឲ្យដល់ទីតាំងល្បែងដែលបំពានច្បាប់នេះ។

តាមប្រភពថា ទីតាំងជល់មាន់ខាងលើ ត្រូវបានដំណើរការយ៉ាងរលូន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងសមត្ថកិច្ចគ្រប់ជំនាញនៅក្នុងស្រុកបន្ទាយមាស។

ទាក់ទងការចោទប្រកាន់នេះ លោក ង៉ែត រុំ បាន ថ្លែងប្រាប់ ដោយបដិសេធថា លោកពុំមានជាប់ពាក់ព័ន្ធ នឹងសង្វៀនប្រជល់មាន់នោះទេ ចំពោះរឿងដែលគេឃើញលោកចេញចូលតំបន់នោះ គឺដោយសារ តែលោកមានមុខរបរជួញសត្វគោទៅយួនតែប៉ុណ្ណោះ។

ចំណែកលោកវរៈសេនីយ៍ត្រី សៀក សារ៉ាត់ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបន្ទាយមាស នៅពេលដែលអ្នកសារព័ត៌មានទូរស័ព្ទសុំការបំភ្លឺ លោកពុំត្រឹមតែពុំបានបំភ្លឺប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាគំរាមដោយពាក្យជេរប្រមាថ ប្រកបដោយអសីលធម៌ទៀតផង។

រីឯលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ ដោយលោកបានថ្លែងថា ជាប់រវល់ប្រជុំ ហើយក៏ចុចផ្តាច់ទូរស័ព្ទ ។

យ៉ាងណាក៏ដោយ បើតាមប្រជាពលរដ្ឋថា បច្ចុប្បន្នទីតាំងល្បែងស៊ីសងក្នុងខេត្តមួយនេះ ជាពិសេសល្បែងប្រជល់មាន់មានច្រើនទីតាំង ហើយជារឿយៗ ត្រូវបានប្រជាពលរដ្ឋបង្ហើបថា មានមន្ត្រីកងរាជអាវុធហត្ថជាអ្នកកាងការពារ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ដល់គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *